ការលក់រថយន្តរបស់ Tesla ធ្លាក់ចុះដល់កម្រិតទាបបំផុត នៅក្នុងត្រីមាសទីពីរ

អន្តរជាតិ

ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla នៅក្នុងត្រីមាសទីពិរ បានធ្លាក់ចុះ ១៣,៥% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ដែលនេះត្រូវបានចាត់ទុកថាជាការថយចុះប្រចាំត្រីមាសធំបំផុត មិនធ្លាប់មានសម្រាប់ក្រុមហ៊ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅត្រីមាសមុន Tesla បានលក់រថយន្តចេញចំនួន ៣៨៤ ១២២ គ្រឿង ពោលគឺធ្លាក់ចុះជិត ៦០ ០០០ គ្រឿង ឬស្មើទៅនឹង ១៣,៥% បើធៀបទៅនឹងរយ:ពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ ប៉ុន្តែបានកើនឡើង ១៤,១% បើធៀបទៅនឹងត្រីមាសទីមួយ។

ទោះជាយ៉ាងណាក៏ដោយ បើទោះបីជាការលក់បានថយចុះខ្លាំងក៏ដោយ ប៉ុន្តែភាគហ៊ុនរបស់ក្រុមហ៊ុន​ Tesla បានកើនឡើង ៤,៥% ដោយសារតែចំនួននៃការធ្លាក់ចុះនេះ ហាក់មានកម្រិតទាបជាង បើធៀបទៅនឹងអ្វីដែលអ្នកវិភាគ ធ្លាប់បានព្យាករទុកពីមុន។

ជម្រាបជូនផងដែរថា Tesla នៅក្នុងរយ:ពេលចុងក្រោយនេះ បានប្រឈមមុខទៅនឹងបញ្ហាជាច្រើន ជាពិសេសនៅពេលដែលនាយកប្រតិបត្តិក្រុមហ៊ុន​ លោក Elon Musk ជាប់ដៃនៅក្នុងឆាកនយោបាយ ក៏ដូចជាមានការប្រកួតប្រជែងខ្លាំង ជាពិសេសពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន ដែលបណ្តាលឲ្យការលក់មានការដាំក្បាលចុះយ៉ាងខ្លាំង៕