រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានផ្តល់យោបល់ទៅកាន់មហាសេដ្ឋីមានដាច់គេលើលោក Elon Musk ថាគួរតែផ្តោតទៅលើក្រុមហ៊ុនរបស់ខ្លួន ជាជាងងាកមកខ្វាយខ្វល់អំពីបញ្ហានយោបាយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Bessent បាននិយាយប្រាប់ទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃទី៦ ខែកក្កដាថា៖” ខ្ញុំជឿជាក់ថាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនរបស់គាត់ ច្បាស់ជាចង់ឲ្យគាត់ត្រលប់ទៅគ្រប់គ្រងក្រុមហ៊ុនវិញ ព្រោះគ្មាននណាដឹកនាំល្អជាងគាត់ឡើយ។ ដូច្នេះខ្ញុំគិតថាថ្នាក់ដឹកនាំក្រុមហ៊ុនរបស់លោក Musk ច្បាស់ជាមិនចង់ឲ្យគាត់ផ្តោតលើនយោបាយ ជាងមុខជំនួញនោះឡើយ”។
យ៉ាងណាមិញ ជុំវិញការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកនេះ បានកើតឡើង បន្ទាប់ពីលោក Musk កាលពីថ្ងៃទី៥ ខែកក្កដា បានប្រកាសថា លោកកំពុងបង្កើតគណបក្សនយោបាយថ្មី ឈ្មោះថា បក្សអាមេរិក ដើម្បីប្រកួតប្រជែងជាមួយបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ ដែលជាបក្សធំជាងគេបំផុតទាំងពីរ របស់សហរដ្ឋអាមេរិក។
ពាក់ព័ន្ធបញ្ហានេះ លោក Dan Ives ដែលជាអ្នកគាំទ្រយូរអង្វែងរបស់ Tesla និងជាទីប្រឹក្សាផ្ទាល់របស់លោក Musk ក៏បាននិយាយផងដែរថា ការសម្រេចចិត្តរបស់មហាសេដ្ឋីរូបនេះ ក្នុងការបង្កើតគណបក្សនយោបាយ នឹងក្លាយជាកំហុសដ៏ធំមួយ។ លោក Ives បាននិយាយទៀតថា ការចូលរួមកាន់តែស៊ីជម្រៅរបស់លោក Musk នៅក្នុងនយោបាយ គឺផ្ទុយទៅនឹងការចង់បានរបស់អ្នកវិនិយោគ និងម្ចាស់ភាគហ៊ុនរបស់ Tesla នៅក្នុងដំណាក់កាលនេះ។
មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅសកម្មភាពរបស់លោក Musk ថា “រឿងគួរឱ្យអស់សំណើច” ហើយបាននិយាយទៀតថា ទង្វើរបស់ថៅកែក្រុមហ៊ុន Tesla នេះគឺគ្រាន់តែបន្ថែមភាពច្របូកច្របល់ប៉ុណ្ណោះ៕

