រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio នឹងមកចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅប្រទេសម៉ាឡេស៊ី ចុងសប្តាហ៍នេះ សម្រាប់ដំណើរទេស្សនកិច្ចជាលើកដំបូង ក្នុងនាមជាប្រមុខការទូតរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមក្រសួងការបរទេសអាមេរិក បាននិយាយថា លោក Rubio នឹងត្រូវធ្វើដំណើរទស្សនកិច្ចរបស់ខ្លួន ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកក្កដា ហើយនឹងចូលរួមកិច្ចប្រជុំនៅក្នុងទីក្រុង Kuala Lumpur ជាមួយរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសសមាជិកអាស៊ានទាំង ១០ ដែលកំពុងជួបប្រជុំគ្នានៅទីនោះ។
ចំពោះការចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ាននាពេលនេះ លោក Rubio ត្រូវបានរំពឹងថានឹងស្វែងរកការពង្រឹងទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយដៃគូ និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ ដែលកំពុងព្រួមបារម្ភចំពោះផែនការពន្ធគយជាសកលរបស់លោកប្រធានាធិបតី លោក ដូណាល់ ត្រាំ។
មិនតែប៉ុណ្ណោះ ដំណើរទស្សនកិច្ចនេះ ក៏ត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃការផ្តោតជាថ្មីរបស់សហរដ្ឋអាមេរិក លើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងតំណាងឲ្យកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល លោក ត្រាំ ដើម្បីព្យាយាមមើលឲ្យហួសពីជម្លោះនៅមជ្ឈិមបូព៌ា និងអឺរ៉ុប ដែលទទួលបានការយកចិត្តទុកដាក់ច្រើនពីរដ្ឋបាលរបស់លោក ត្រាំ រហូតមកដល់ពេលនេះ៕

