លោក ត្រាំ បន្តដាក់សម្ពាធលើកាណាដា ក្រោយប្រកាសយកពន្ធនាំចូលដល់ ៣៥%

អន្តរជាតិ

ប្រធានាធិបអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងកាលពីថ្ងៃទី១០ ខែកក្កដាថា សហរដ្ឋអាមេរិក នឹងដាក់ពន្ធ ៣៥% លើទំនិញនាំចូលពីប្រទេសកាណា ចាប់ពីដើមខែក្រោយតទៅ។​ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងលិខិតដែលបានបង្ហោះនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បាននិយាយថា ទំនិញដែលនាំចូលពីប្រទេសកាណាដាទៅកាន់សហរដ្ឋអាមេរិក នឹងត្រូវបង់ពន្ធ ៣៥% ហើយវានឹងត្រូវចូលជាធរមាន ចាប់ពីថ្ងៃទី១ ខែសីហាតទៅ។

ទន្ទឹមនឹងនេះ លោកប្រធានាធិបតីអាមេរិក បានសរសេរនៅក្នុងលិខិតនោះថា៖” ពន្ធនាំចូលលើទំនិញកាណានឹងមានកម្រិត ៣៥% ។ ហើយទំនិញកាណាដាដែលត្រូវបានដឹកជញ្ជូនតាមរយ:ភាគីទីបី ដើម្បីចៀសវាងពន្ធគយនេះ នឹងត្រូវរងនូវអត្រាពន្ធខ្ពស់ជាងនេះ “។

យ៉ាងណាក៏ដោយ លោក ត្រាំ បាននិយាយទៀតថា ក្រុមហ៊ុនកាណាដា នឹងមិនទទួលរងនូវការយកពន្ធនេះឡើយ ប្រសិនបើពួកគេសម្រេចចិត្តសាងសង់រោងចក្រ ឬផលិតផលិតផល នៅក្នុងសហរដ្ឋអាមេរិក។

លោកត្រាំ បានសង្កត់ធ្ងន់ទៀតថា ៖” យើងនឹងធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីពន្លឿនការអនុម័តក្នុងរយ:ពេលត្រឹមតែពីរ​ទៅបីសប្តាហ៍ប៉ុណ្ណោះ”។​​​ លោកបានព្រមានទៀតថា ប្រសិនបើកាណាដាដាក់ពន្ធសងសឹក នោះគម្រិតពន្ធគយថ្មីដែលដាក់លើពួកគេ នឹងកាន់តែកើនឡើងតាមនោះដែរ។

ជម្រាបជូនផងដែរថា បច្ចុប្បន្ន កាណាដា គឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់សហរដ្ឋអាមេរិក បន្ទាប់ពីម៉ិកស៊ិក។ កាណាដាក៏ជាអ្នកទិញទំនិញធំបំផុតរបស់អាមេរិកផងដែរ។ កាលពីឆ្នាំមុន មន្ត្រីអាមេរិកបានរាយការណ៍ថា ប្រទេសកាណាដាបានទិញទំនិញអាមេរិកចំនួន ៣៤៩ពាន់លានដុល្លារ និងនាំចេញក្នុងចំនួន ៤១២ពាន់លានដុល្លារ ទៅកាន់សហរដ្ឋអាមេរិក៕