យោងតាមមជ្ឈមណ្ឌលសម្រាប់ការព្យាករសេដ្ឋកិច្ច និងធុរកិច្ច (CEBF) ប្រចាំនៅសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បានកែសម្រួលការព្យាករកំណើន GDP របស់ប្រទេសថៃ សម្រាប់ឆ្នាំ២០២៥ នេះ ដោយធ្លាក់ចុះពី ៣% មកនៅត្រឹម ១,៧% ដោយលើកឡើងពីការរួមបញ្ចូលគ្នានៃបញ្ហាប្រឈមជាសកល និងក្នុងស្រុក ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេស។ នេះបើការចុះផ្សាយពីសារព័ត៌មាន The Nation។
លោក Thanawat Pholvichai ប្រធាន UTCC និងជាប្រធានទីប្រឹក្សារបស់មជ្ឈមណ្ឌល CEBF បានគូសបញ្ជាក់ពីការព្រួយបារម្ភជាច្រើនដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់ថៃ មានការថយចុះ ដូចជា សង្គ្រាមពាណិជ្ជកម្មដែលកំពុងបន្ត បញ្ហាពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញថៃ ជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ ភាពតានតឹងដែលកំពុងកើនឡើងនៅតាមព្រំដែនថៃ-កម្ពុជា អស្ថិរភាពនយោបាយក្នុងស្រុក និងប្រសិទ្ធភាពនៃការជំរុញទឹកចិត្តរបស់រដ្ឋាភិបាល ជាដើម។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Thanawat បានសង្កត់ធ្ងន់ថា ការព្យាករចុងក្រោយដែលធ្វើឡើងដោយ មជ្ឈមណ្ឌល CEBF ចំពោះកំណើនសេដ្ឋកិច្ចថៃ នឹងមិនមានការផ្លាស់ប្តូរទៀតនោះឡើយ បើទោះបីជាបញ្ហាធំៗខាងលើ បន្តរីករាលដាលកាន់តែខ្លាំងក៏ដោយ។
មជ្ឈមណ្ឌល CEBF ក៏បានបង្ហាញទៀតថា ការកាត់បន្ថយកំណើនសេដ្ឋកិច្ចរបស់ថៃនេះ គឺដោយសារតែប៉ះពាល់ចំពោះផែនការពន្ធគយសហរដ្ឋអាមេរិកដែលដាក់លើផលិតផលថៃ ជាមួយនឹងការចររចាឥឡូវនេះ បានឈានចូលដល់ពេល ១០ថ្ងៃចុងក្រោយ មុនការពន្យារពេលដល់ថ្ងៃផុតកំណត់ នៅថ្ងៃទី៨ ខែកក្កដាខាងមុខ។
ជាងនេះទៅទៀត ការកើនឡើងយ៉ាងឆាប់រហ័សនៃជម្លោះនៅតំបន់មជ្ឈិមបូព៌ា និងបញ្ហាព្រំដែនកម្ពុជា-ថៃ ស្របពេលបញ្ហានយោបាយផ្ទៃក្នុង ដែលនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នៅតែបន្តកាន់តំណែងពេញមួយឆ្នាំ២០២៥ នេះ អាចនឹងធ្វើឲ្យថវិកាជាតិយ៉ាងហោចណាស់ ៥០% ត្រូវបានបញ្ចេញ៕