EU តៀមដាក់ពន្ធសងសឹកលើទំនិញអាមេរិកតម្លៃជាង ២០ពាន់លានដុល្លារ ក្រោយ ត្រាំ ប្រកាសពន្ធថ្មី

អន្តរជាតិ

យោងតាមរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីតាលី លោក Antonio Tajani បាននិយាយនៅក្នុងបទសម្ភាសមួយ នៅថ្ងៃចន្ទនេះថា សហភាពអឺរ៉ុប (EU) បានត្រៀមខ្លួននរួចជាស្រេចហើយ ដើម្បីរៀបចំបញ្ជីពន្ធគយសងសឹកទៅទំនិញរបស់សហរដ្ឋអាមេរិក ដែលមានតម្លៃ ២១ពាន់អឺរ៉ូ​ (២៤,៥ពាន់លានដុល្លារ) ប្រសិនបើភាគីទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នាទេនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសគំរាមដាក់ពន្ធ ៣០% ទៅលើការនាំចូលទំនិញពីប្រទេសម៉ិកស៊ីក និង EU ដោយនឹងត្រូវចូលធរមានចាប់ពីថ្ងៃទី១ ខែសីហាតទៅ បន្ទាប់ពីការចរចាអស់ជាច្រើនសប្តាហ៍ ជាមួយប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ របស់សហរដ្ឋអាមេរិក ដើម្បីឈានដល់ការកិច្ចព្រមព្រៀងដ៏ទូលំទូួលាយមួយ ត្រូវបានបរាជ័យ។

យ៉ាងណាមិញជុំវិញការប្រកាសរបស់លោក ត្រាំ នេះ​ សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងបន្តផ្អាកវិធានការឆ្លើយតបទៅនឹងពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក រហូតដល់ដើមខែសីហា ហើយនឹងបន្តដាក់សម្ពាធឲ្យមានការចរចាឡើងវិញ ។

ទន្ទឹមនឹងនេះ​ រដ្ឋមន្ត្រីការបរទេសអ៊ីតាលី​ លោក Tajani បាននិយាយថា នៅក្នុងវិធានការឆ្លើយតបនោះ សហភាពអឺរ៉ុប បានត្រៀមខ្លួនរួចជាស្រេចហើយ ដោយអាចនឹងដាក់ពន្ធសងសឹកទៅលើទំនិញរបស់សហអាមេរិក ដែលមានតម្លៃ ២១ពាន់លានអឺរ៉ូ​ ប្រសិនបើកិច្ចព្រមព្រៀងណាមួយជាមួយសហរដ្ឋអាមេរិក បង្ហាញថាមិនអាចទៅរួចទេនោះ។ ប៉ុន្តែលោក នៅតែ​មាន​ទំនុក​ចិត្ត​ថា ការចរចានេះអាចនឹងមានភាពរីកចម្រើនរវាងភាគីទាំងពីរ។

ដោយឡែក អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយកាលពីថ្ងៃអាទិត្យផងដែរថា លោកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី​ Ursula von der Leyen ដើម្បីដោះស្រាយសង្រ្គាមពាណិជ្ជកម្មដែលកំពុងកើនឡើងជាមួយសហរដ្ឋអាមេរិក៕​