ក្រុមហ៊ុន Nissan Motor Co បាននិយាយនៅថ្ងៃទី១៥ ខែកក្កដានេះថា ខ្លួនគ្រោងនឹងបញ្ឈប់ការផលិតរថយន្ត នៅរោងចក្រ Oppama របស់ខ្លួន នៅក្នុងប្រទេសជប៉ុន ត្រឹមខែមីនា ឆ្នាំ២០២៨ ដោយនឹងផ្ទេរប្រតិបត្តិការទាំងស្រុង ទៅកាន់រោងចក្រមួយទៀតរបស់ខ្លួន នៅក្នុងខេត្ត Fukuoka ជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

Nissan ដែលត្រូវបានចាត់ទុកថាក្រុមហ៊ុនផលិតរថយន្តធំបំផុតលំដាប់ទី៣ របស់ជប៉ុន បច្ចុប្បន្ននេះ កំពុងព្យាយាមកាត់បន្ថយសមត្ថភាពផលិតរថយន្តរបស់ខ្លួន មកនៅត្រឹម ២,៥ លានគ្រឿង ពីចំនួន ៣,៥ លានគ្រឿង និងបន្ថយរោងចក្រផលិត ពី ១៧ មកនៅត្រឹម ១០ ចំពេលក្រុមហ៊ុនកំពុងប្រឈមមុខ ទៅនឹងការធ្លាក់ចុះចំនួនលក់ និងការខាតបង់កាន់តែច្រើន។
យោងតាមរបាយការណ៍ចុះផ្សាយពីមុន បានឲ្យដឹងផងដែរថា ក្រុមហ៊ុន Nissan កំពុងស្ថិតនៅក្នុងការពិភាក្សា ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនបន្ទះឈីបខ្នាតយក្សតៃវ៉ាន់ Foxconn ប្រើប្រាស់រោងចក្រ Oppama របស់ខ្លួន ដើម្បីផលិតរថយន្តអគ្គិសនី និងបញ្ចៀសការបិទទ្វារ។
ទន្ទឹមនឹងនេះ Nissan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងស្វែងរកជម្រើសផ្សេងៗ សម្រាប់ការប្រើប្រាស់នាពេលអនាគតនៃរោងចក្រ Oppama ដែលនៅស្ថិតនៅទីក្រុងកំពង់ផែ Yokosuka ភាគខាងត្បូងនៃទីក្រុងតូក្យូមួយនេះ។
នាយកប្រតិបត្តិក្រុមហ៊ុនលោក Ivan Espinosa កាលពីពេលថ្មីៗនេះបានប្រកាសពីផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញយ៉ាងទូលំទូលាយក្នុងគោលបំណងបង្វែរក្រុមហ៊ុនផលិតរថយន្តដែលកំពុងជួបការលំបាក រួមទាំងកាត់បន្ថយកម្លាំងពលកម្មទូទាំងពិភពលោករបស់ខ្លួនប្រហែល ១៥% ផងដែរ។
ជម្រាបជូនផងដែរថា នៅពេលដែលរោងចក្រ Oppama បើកដំណើរការដំបូងក្នុងឆ្នាំ១៩៦១ វាត្រូវបានចាត់ទុកថាជារោងចក្រផលិតរថយន្តខ្នាតធំដំបូងគេរបស់ប្រទេសជប៉ុន និងជានិមិត្តរូបនៃមហិច្ឆតាជាសកលរបស់ Nissan និងជប៉ុន៕

