ចំនួនទ្រព្យសម្បត្តិរបស់សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានធ្លាក់ចុះយ៉ាងខ្លាំង ដល់ ៥១ពាន់លានដុល្លារ ក្នុងរយ:ពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការប្រកាសរបស់លោក ក្នុងការបរិច្ចាគទ្រព្យសម្បត្តិ ទៅឲ្យអង្គការសប្បុរសធម៌លឿនជាងការគ្រោងទុកពីមុន។

យោងតាម Bloomberg Billionaires Index ទ្រព្យសម្បត្តិរបស់លោក Bill Gates បានធ្លាក់ចុះពីចំនួន ១៧៥ពាន់លានដុល្លារ មកត្រឹមតែប្រមាណ ១២៤ពាន់លានដុល្លារ ប៉ុណ្ណោះ ក្នុងរយ:ពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការប្រកាសនេះ ។
នៅក្នុងការបង្ហោះសារមួយ លោក Bill Gates បាននិយាយថា ទ្រព្យសម្បត្តិដែលនៅសេសសលរបស់លោកស្ទើតែទាំងអស់ នឹងត្រូវផ្តល់ជូនទៅកាន់មូលនិធិ Gates Foundation ដែលជាអង្គការសប្បុរសធម៌មួយត្រូវបានបង្កើតឡើងជាមួយអតីតភរិយារបស់លោក គឺលោកស្រី Melinda French Gates ។ មូលនិធិនេះ ត្រូវបានគេរំពឹងថានឹងបញ្ចប់បេសកកម្មរបស់ខ្លួននៅឆ្នាំ២០៤៥ ។
ក្នុងសារនោះ លោក Bill Gates បានសរសេររៀបរាប់ថា៖ ពួកគេនឹងនិយាយរឿងជាច្រើនអំពីខ្ញុំ នៅពេលខ្ញុំលាចាកលោកនេះទៅ ប៉ុន្តែខ្ញុំនឹងមិនឲ្យពួកគេនិយាយថា ខ្ញុំស្លាប់ទៅជាអ្នកមាននោះទេ”។
ជម្រាបជូនថា លោក Bill Gates ដែលជាមហាសេដ្ឋីមានបំផុតរបស់ពិភពលោកអស់រយៈពេលជិត ១៨ឆ្នាំ បាននិយាយជាយូរមកហើយថា កូនៗរបស់លោកនឹងទទួលបានមរតកតិចជាង ១% នៃទ្រព្យសម្បត្តិសរូបរបស់គាត់។ យោងតាមសារព័ត៌មាន Bloomberg បានឲ្យដឹងថា បច្ចុប្បន្នលោ Bill Gates បានធ្លាក់ចេញពីចំណាត់ថ្នាក់លេខ៥ ដល់លេខ ១២ ក្នុងបញ្ជីមហាសេដ្ឋីមានដាច់គេបំផុតលើលោក និងតាមពីក្រោយអតីតនាយកប្រតិបត្តិ Microsoft លោក Steve Ballmer ៕

