ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្តឹងមហាសេដ្ឋី លោក Rupert Murdoch និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយជាច្រើនផ្សេងទៀត ពីបទបរិហាកេរ្តិ៍ ជុំវិញការចេញផ្សាយអត្ថបទមិនពិតស្តីពីបទល្មើសផ្លូវភេទរបស់លោក Jeffrey Epstein ដោយទាមទារសំណងចំនួន ១០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

ដោយបានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃទី១៨ ខែកក្កដា លោក ត្រាំ បាននិយាយថា ៖”យើងទើបតែបានដាក់ពាក្យប្តឹងដ៏មានអំណាចមួយប្រឆាំងនឹងមនុស្សគ្រប់គ្នាដែលជាប់ពាក់ព័ន្ធនឹងការបោះពុម្ពផ្សាយអត្ថបទព័ត៌មានមិនពិត ព្យាបាទ និងបង្ខូចកេរ្តិ៍ឈ្មោះ នៅលើ Wall Street Journal ដែលគ្មានប្រយោជន៍” ។
យ៉ាងណាមិញជុំវិញពាក្យបណ្ដឹងដែលបានដាក់ទៅកាន់តុលាការសហព័ន្ធភាគខាងត្បូងនៃរដ្ឋ Florida នោះ បានកំណត់គោលដៅលើមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយ លោក Rupert Murdoch រួមទាំងក្រុមហ៊ុន News Corp, Dow Jones និងអ្នកយកព័ត៌មានពីរនាក់ផ្សេងទៀតមកពី Wall Street Journal ផងដែរ។ លោក Murdoch គឺជាសហស្ថាបនិកនៃក្រុមហ៊ុន News Corp ដែលជាបុត្រសម្ព័ន្ធមួយរបស់ Dow Jones ដែលជាក្រុមហ៊ុនមេរបស់ Wall Street Journal ។
លោកប្រធានាធិបតី ត្រាំ បានចោទប្រកាន់ជនជាប់ចោទខាងលើពីបទបរិហារកេរ្តិ៍ និងចេតនាព្យាបាទ ដែលបណ្តាលឱ្យរូបលោកផ្ទាល់ខូចខាតយ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះ និងហិរញ្ញវត្ថុ។ យោងតាម Reuters បានរាយការណ៍ថាប្រធានាធិបតីអាមេរិករូបនេះ កំពុងស្វែងការទាមទារសំណងខូចខាតយ៉ាងហោចណាស់ ១០ពាន់លានដុល្លារ។
ជម្រាបជូនថា កាសែត Wall Street Journal ធ្លាប់បានរាយការណ៍ថា សំបុត្រមួយដែលចុះហត្ថលេខាដោយលោក ដូណាល់ ត្រាំ ស្ថិតក្នុងចំណោមសំបុត្រដែលជាការផ្ញើសារអបអរខួបកំណើតទៅកាន់មហាសេដ្ឋី Jeffrey Epstein ដែលមានបង្កប់នូវអត្ថន័យផ្លូវភេទ និងកិច្ចការសម្ងាត់ជាច្រើនរវាងអ្នកទាំងពីរ។ លោក Epstein ត្រូវបានកាត់ទោសឲ្យជាប់គុក នៅក្នុងឆ្នាំ២០០៣ ពីបទបំពានផ្លូវភេទលើស្ត្រីជាច្រើន៕

