ស្ងាត់ៗ ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសដាក់លក់ផ្ទះឯកជនមួយក្នុងតម្លៃទាបជាងទីផ្សារ

អន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានចុះបញ្ជីផ្ទះឯកជនមួយរបស់លោក សម្រាប់ដាក់លក់នៅក្នុងតម្លៃទាបជាងទីផ្សារ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់លោក ក្នុងការទប់ស្កាត់ការវិនិយោគបែបប្រថុយប្រថាននៅក្នុងអចលនទ្រព្យរបស់ប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្ទះឯកជននៅក្នុងតំបន់ Seongnam ភាគខាងត្បូងទីក្រុងសេអ៊ូល ដែលលោក Lee ជាម្ចាស់រួមគ្នាជាមួយលោកស្រីជំទាវទីមួយ Kim Hea Kyung ត្រូវបានដាក់លក់នៅលើទីផ្សារ កាលពីថ្ងៃសុក្រ សប្តាហ៍មុន ។នេះបើយោងតាមអ្នកនាំពាក្យប្រធានាធិបតី លោកKang Yu-jung បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយ។

លោក Kang បាននិយាយទៀតថា ៖” ទោះបីជាលោក Lee មានផ្ទះមួយសម្រាប់រស់នៅបែបឯកជនក៏ដោយ ប៉ុន្តែការប្រកាសដាក់លក់នេះ ត្រូវបានគេមើលឃើញថាជាគោលបំណងរបស់លោក ដែលចង់បង្ហាញដល់សាធារណជនអំពីការប្តេជ្ញាចិត្ត ក្នុងការធ្វើឲ្យទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសមានលក្ខណៈធម្មតា”។

យ៉ាងណាមិញ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការអំពាវនាវរបស់លោក Lee សម្រាប់អ្នកដែលមានផ្ទះច្រើនខ្នង ឲ្យលក់អចលនទ្រព្យរបស់ពួកគេ មុនផែនការរបស់រដ្ឋាភិបាលក្នុងការលុបចោលការផ្អាកជាបណ្តោះអាសន្ននៃពន្ធលើប្រាក់ចំណេញមូលធនច្រើន នៅក្នុងខែឧសភាខាងមុខ។

លោក Lee ក៏បានចង្អុលបង្ហាញផងដែរថារដ្ឋាភិបាលនឹងជំរុញវិធានការដើម្បីទប់ស្កាត់ការលើកទឹកចិត្តសម្រាប់កម្មសិទ្ធិផ្ទះបែបប្រថុយប្រថាន រួមទាំងម្ចាស់ផ្ទះតែមួយដែលកាន់កាប់អចលនទ្រព្យសម្រាប់ការវិនិយោគផងដែរ។

ជម្រាបជូនថា បច្ចុប្បន្នលោក Lee កំពុងរស់នៅក្នុងលំនៅឋានផ្លូវការមួយនៅតំបន់ Hannam-dong កណ្តាលទីក្រុងសេអ៊ូល ខណៈពេលដែលការងារជួសជុលនៅតែបន្តនៅក្នុងលំនៅដ្ឋានប្រធានាធិបតីដែលស្ថិតននៅខាងក្នុងបរិវេណវិមាន Cheong Wa Dae៕​