ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្ស Stellantis ទំនងខាតបង់សរុប ២,៧ពាន់លានដុល្លារ នៅក្នុងឆមាសទី១

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ពិភពលោក Stellantis កាលពីពេលថ្មីៗនេះ បានបង្ហាញការរំពឹងទុកថាអាចមានការខាងបង់សរុបដល់ ២,៣ពាន់លានអឺរ៉ូ​ (២,៧ពាន់លានដុល្លារ) នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ​។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Stellantis ក៏បានបង្ហាញឲ្យដឹងទៀតថា សម្រាប់ប្រាក់ចំណូលសរុបរបស់ខ្លួន សម្រាប់ឆមាសទី១ នេះ អាចមានចំនួនសរុបប្រមាណ ៧៤,៣ពាន់លានអឺរ៉ូ ពោលគឺបានធ្លាក់ចុះ ១២,៦% បើធៀបទៅនឹងឆ្នាំមុន ខណ:ពេលដែលការនាំចេញសរុប ក្នុងត្រីមាសទី២ បានធ្លាក់ចុះ ៦% មកនៅត្រឹមចំនួន ១,៤ លានគ្រឿងប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រុមហ៊ុនដែលផលិតរថយន្តលំដាប់កំពូលដូចជា Jeep, Citroen , Ram , Dodge, Chrysler និង Peugeot បានបង្ហាញថាការខាតបង់ដ៏ច្រើននេះ គឺត្រូវបានកើតឡើង ដោយសារតែការចំណាយលើការរៀបចំរចនាសម្ព័ន្ធឡើងវិញ ក៏ដូចជាការលក់ចុះខ្សោយ និងការរងប៉ះពាល់ដោយសារតែវិធានការពន្ធគយរបស់សហរដ្ឋអាមេរិក ផងដែរ។

ក្រុមហ៊ុន Stellantis បាននិយាយផងដែរថា ខ្លួនបានទទួលយកការសម្រេចចិត្តដែលលំបាកបំផុតមិនធ្លាប់មានពីមុនមក ដើម្បីបង្ហាញពីទិន្នន័យហិរញ្ញវត្ថុបឋមរបស់ខ្លួន សម្រាប់ឆមាសទីមួយ ឆ្នាំនេះ ដើម្បីដោះស្រាយគម្លាតរវាងការព្យាកររបស់អ្នកវិភាគ និងការអនុវត្តរបស់ក្រុមហ៊ុន សម្រាប់រយៈពេលនេះ៕​