ក្រុមហ៊ុន AstraZeneca ត្រូវបានគេរាយការណ៍ថា គ្រោងបោះទុនវិនិយោគទឹកប្រាក់រហូតដល់ ៥០ពាន់លានដុល្លារ ដើម្បីពង្រីកសមត្ថភាពផលិត និងស្រាវជ្រាវរបស់ខ្លួន នៅសហរដ្ឋអាមេរិក ដល់ឆ្នាំ២០៣០ ចំពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមដាក់ពន្ធគយខ្ពស់លើឱសថ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនថា ការវិនិយោគចុងក្រោយនេះ នឹងផ្តល់មូលនិធិដល់រោងចក្រផលិតឱសថថ្មី នៅក្នុងរដ្ឋ Virginia និងពង្រីកការស្រាវជ្រាវ និងការអភីវឌ្ឍ (R&D) រួមទាំងការការផលិតវ៉ាក់សាំង នៅតាមបណ្តារដ្ឋ Maryland, Massachusetts, California, Indiana និង Texas ។
គួរឲ្យដឹងផងដែរថា កាលពីថ្ងៃចន្ទ AstraZeneca បាននិយាយថា ការបោះទុនវិនិយោគចុងក្រោយនេហ អាចគាំទ្រដល់មហិច្ឆតារបស់ខ្លួន ក្នុងការឈានដល់ ៨០ពាន់លានដុល្លារ សម្រាប់ប្រាក់ចំណូលប្រចាំឆ្នាំ នៅឆ្នាំ២០៣០ ដោយប្រភពចំណូលពាក់កណ្តាល គឺបានមកពីទីផ្សារសហរដ្ឋអាមេរិក ។
ជម្រាបជូនថា ការផ្លាស់ប្តូរនេះ អាចជាការបង្កើនជំហរថ្មីមួយសម្រាប់ក្រុមហ៊ុនផលិតឱសថខ្នាតយក្ស នៅសហរដ្ឋអាមេរិក ចំពេលដែលលោក ត្រាំ កំពុងបន្តគំរាមដាក់ពន្ធគយនាំចូលខ្ពស់លើឧស្សាហកម្មប្រភេទនេះ និងស្វែងរកការជំរុញឲ្យការផលិតនៅក្នុងស្រុក៕

