តារាបាល់ទាត់ Neymar ជះលុយ ១,៥លានដុល្លារ ទិញរថយន្តចម្លែក Batmobile មកតាំងទុក

អន្តរជាតិ

កំពូលតារាបាល់ទាត់សញ្ជាតិប្រេស៊ីល Neymar Jr កាលពីពេលថ្មីៗនេះ​ ត្រូវបានគេរាយការណ៍មកថា បានចំណាយទឹកប្រាក់អស់ជាង ១,៥លានដុល្លារ ទិញយករថយន្តចម្លែក Batmobile Tumbler មកដាក់តាំងទុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីកាសែតអេស្ប៉ាញ Marca បានឲ្យដឹងថា រថយន្តនេះ គឺជារថយន្តដ៏ពិសេសបំផុតមួយ ដែលត្រូវបានរចនាឡើង ដោយយកគម្រូតាមរថយន្តនៅក្នុងខ្សែភាពយន្ត Batman និងត្រូវបានចែកចាយដោយក្រុមហ៊ុន Warner Bros ផ្ទាល់។ Batmobile Tumbler ត្រូវបានផលិតមកតែ ១០​​​ គ្រឿងប៉ុណ្ណោះ​ ។

Batmobile Tumbler នេះ​ មានប្រវែងបណ្តាល ៤,៦៥ ម៉ែត្រ និងទទឹង ២,៨ ម៉ែត្រ រចនាឡើងជាពិសេសដោយស៊ុមដែកព័ទ្ធជុំវិញ អមដោយសរសៃកាបូន និងតួខ្លួន Kevlar ផងដែរ។ វាត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ​ ៦,២ L V8 ផលិតកម្លាំង ៥២៥ សេះ មកជាមួយនឹងរូបរាងចម្លែកពិសេសដ៏ទាក់ទាញ។

គួរឲ្យដឹងដែរថា Neymar គឺជាអ្នកគាំទ្រតួអង្គ Batman ជាយូរមកហើយ ដោយរូបគេថែមទាំងមានសាក់រូបតួអង្គនេះ នៅលើខ្នងរបស់គេថែមទៀតផង។ នៅឆ្នាំ២០២២ តារាបាល់ទាត់របស់ក្លិប Santos រូបនេះ ក៏បានអញ្ជើញឲ្យចូលរួមក្នុងពិធីដាក់សម្ពោធខ្សែភាពយន្តរឿង The Batman ផងដែរ។

បើទោះបីជា Batmobile មានតម្លៃថ្លៃខ្លាំងយ៉ាងណាក៏ដោយ តែ Neymar នឹងមិនអាចបើកបរវា នៅលើផ្លូវសាធារណ:បាននោះទេ ដោយសារតែវាមិនត្រូវបានបំពេញតាមច្បាប់ផ្លូវថ្នល់របស់អឺរ៉ុប។ ហើយរថយន្តនេះ នឹងត្រូវយកទៅដាក់តាំងទុក អមជាមួយរថយន្តស៊េរីទំនើបៗរបស់ Neymar ផ្សេងទៀត ដូចជា Audi R8 Spyder V10 Plus, Ferrari Purosangue, Bentley Continental GT, Aston Martin DBX និង Lamborghini Huracan ជាដើម។

ជម្រាបជូនថា យោងតាមគេហទំព័រ Celebrity Net Worth ទ្រព្យសម្បត្តិសរុបរបស់ Neymar ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៣៥០លានដុល្លារ ដោយរូបគេត្រូវបានចាត់ទុកថាជាអត្តពលិកដែលអាចរកចំណូលបានច្រើនជាងគេបំផុតមួយ នៅលើពិភពលោក ផងដែរ៕​