លោក ត្រាំ ទទួលរងបណ្តឹងជាថ្មី ក្រោយលក់សិទ្ធិចូលមើលការបង្ហោះលើបណ្តាញសង្គម Truth Social មុនគេ

អន្តរជាតិ

អង្គភាពប្រព័ន្ធផ្សព្វផ្សាយធំៗចំនួនពីរ កំពុងប្តឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពីបទចោទប្រកាន់ថាកំពុងទទួលបានប្រាក់ចំណេញដោយអយុត្តិធម៌ ពាក់ព័ន្ធទៅនឹងការលក់សិទ្ធិចូលមើលការបង្ហោះសារមុនគេនៅលើបណ្តាញសង្គម Truth Social ដែលមានតម្លៃរហូតដល់ ១០០ ០០០ដុល្លារ/ខែ។ នេះពើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនផ្សព្វផ្សាយ The Intercept និង Freedom of the Press Foundation បានសម្រេចដាក់ពាក្យបណ្តឹងប្រឆាំងនឹង លោក ត្រាំ នៅក្នុងតុលាការសហព័ន្ធ នៅថ្ងៃទី១២ ខែសីហា ដោយស្វែងរកការការពារ មិនឲ្យវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោក លក់សិទ្ធិចូលមើលជាមុនចំពោះការបង្ហោះសារនានា។ ពួកគេថែមទាំងបានអះអាងថាសេវាកម្មបង់ប្រាក់នេះ នឹងរារាំងការចូលមើលព័ត៌មានសាធារណៈដែលមានប្រយោជន៍ជាសាធារណៈ។

មិនតែប៉ុណ្ណោះ នៅក្នុងបណ្តឹងនេះបានសរសេរថា “នេះគឺជាទង្វើមិនសមរម្យធ្ងន់ធ្ងរ”។ “ប្រធានាធិបតីរូបនេះ កំពុងទទួលបានប្រាក់ចំណេញផ្ទាល់ខ្លួនដោយការលេចធ្លាយព័ត៌មានរដ្ឋាភិបាលដែលអាចបំផ្លាញទីផ្សារដល់អ្នកដែលបង់ប្រាក់ឱ្យក្រុមហ៊ុនឯកជនរបស់លោក”។

គួរឲ្យដឹងផងដែរថា ជុំវិញបណ្តឹងនេះ​ ត្រូវបានធ្វើឡើង បន្ទាប់ពី Truth API ដែលជាសេវាកម្មថ្មីរបស់ក្រុមហ៊ុន Trump Media & Technology Corporation ដែលគិតថ្លៃលើអ្នកប្រើប្រាស់ចន្លោះពី ៦០ ០០០ដុល្លារ ទៅ ១០០ ០០០ដុល្លារក្នុងមួយខែសម្រាប់ការចូលប្រើប្រាស់មុនគេចំពោះប្រកាសពីប្រធានាធិបតី ត្រាំ និងគណនីលេចធ្លោផ្សេងទៀតនៅលើបណ្តាញសង្គម Truth Social ។

យ៉ាងណាមិញ អ្នករិះគន់ចង្អុលបង្ហាញថា លោក ត្រាំ តែងតែប្រើគណនី Truth Social របស់ខ្លួនដើម្បីប្រកាសពីការផ្លាស់ប្តូរគោលនយោបាយដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ច។ ឧទាហរណ៍ សេចក្តីថ្លែងការណ៍របស់លោកអំពីជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងទីផ្សារប្រេងសកល៕​