នាយករដ្ឋមន្ត្រីស្តីទីថៃ​ ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម​ ទាំងដែលគ្មានវត្តមានស្តេច Maha Vajiralongkorn

អន្តរជាតិ

នាយរដ្ឋមន្ត្រីស្តីទីរបស់ថៃ លោក Phumtham Vejjayachai និងភរិយា នៅថ្ងៃទី២៨ ខែកក្កដានេះ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យចម្រើនព្រះជន្មរបស់ស្តេចថៃ ដែលឈានចូលជន្នាយុ ៧៣ វស្សា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺស្តេចថៃ Maha Vajiralongkorn គ្មានវត្តមាននៅក្នុងពិធីនេះនោះឡើយ ដោយជំនួសវិញត្រឹមវត្តមាននាយករដ្ឋមន្ត្រីស្តីទី និងបណ្តាមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ប៉ុណ្ណោះ ដែលខុសពីឆ្នាំមុនៗ ទ្រង់មានវត្តមាននៅក្នុងថ្ងៃចម្រើនព្រះជន្មរបស់ខ្លួន។

យោងតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុករបស់ថៃ បានបង្ហាញពីសកម្មភាពរបស់នាយករដ្ឋមន្ត្រីស្តីទី រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់ថៃ កំពុងរៀបចំធ្វើពិធី ដោយមានការអុជធូបទៀន នៅមុខព្រះមរមរូបព្រះមហាក្សត្រ ប៉ុណ្ណោះ។

គួរឲ្យដឹងផងដែរថា​ ការរៀបចំពិធីនេះ​ ត្រូវបានធ្វើឡើង ពោលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ​ បន្ទាប់ពីសារព័ត៌មានធំៗជាច្រើន បានរាយការណ៍ថា​ ស្តេច Vajiralongkorn និងព្រះមហាក្សត្រី បានត្រាស់បង្គាប់លុបចោលពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ ដែលគ្រោងទុករៀបចំធ្វើឡើងនៅក្នុងព្រះបរមរាជវាំង នាថ្ងៃទី២៨ និងទី២៩ ខែកក្កដានេះ។

ជម្រាបជូនថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដោយព្រះមហាក្សត្រផ្ទាល់ ដែលទទួលស្គាល់ការគំរាមកំហែងបច្ចុប្បន្នដែលប្រទេសជាតិកំពុងប្រឈមមុខ រួមទាំងជម្លោះប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនថៃ-កម្ពុជា ដែលកំពុងបន្ត៕