យោងតាមរដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងត្បូង បានបង្ហាញឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចដាក់ពន្ធនាំចូលលើទំនិញរបស់ខ្លួន ១៥% បន្ទាប់ពីការចរចាពាណិជ្ជកម្មដ៏សំខាន់មួយត្រូវបានធ្វើឡើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

បើតាមការបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី៣០ ខែកក្កដា លោក ត្រាំបាននិយាយថា សហរដ្ឋអាមេរិក នឹងដាក់ពន្ធ ១៥% លើការនាំចូលទំនិញពីកូរ៉េខាងត្បូង ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយដៃគូពាណិជ្ជកម្មរនបស់ខ្លួន ដែលពីមុនជាប់អត្រាពន្ធដល់ទៅ ២៥%។
មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានសង្កត់ធ្ងន់ទៀតថា ជាមួយផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ កូរ៉េខាងត្បូង បានយល់ព្រមវិនិយោគទឹកប្រាក់ ៣៥០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក នៅក្នុងគម្រោងជាច្រើន រួមទាំងចំណាយ ១០០ពាន់លានដុល្លារ ដើម្បីទិញឧស្ម័នធម្មជាតិរាវ (LNG) និងផលិតផលថាមពលផ្សេងទៀត របស់អាមេរិក ផងដែរ។
ជម្រាបជូនថា ក្រោយការប្រកាសនោះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បាននិយាយថា កិច្ចព្រមព្រៀងពន្ធគយរបស់ពួកគេជាមួយសហរដ្ឋអាមេរិក នឹងធ្វើឲ្យប្រទេសនេះ មានភាពស្មើគ្នា ឬប្រសើរជាងប្រទេសដទៃទៀត។
លោក Lee ក៏បាននិយាយផងដែរថា ប្រទេសទាំងពីរបានយល់ព្រមបង្កើតមូលនិធិវិនិយោគចំនួន ៣៥០ពាន់លានដុល្លារ ជាមួយនឹងទឹកប្រាក់បន្ថែមចំនួន ១៥០ពាន់លានដុល្លារ ដែលត្រូវបានគ្រោងទុកសម្រាប់ភាពជាដៃគូ ក្នុងការកសាងកប៉ាល់ ដើម្បីស្តារឧស្សាហកម្មអាមេរិកឡើងវិញ ជាមួយនឹងកិច្ចសហប្រតិបត្តិការនៃសាជីវកម្មកូរ៉េខាងត្បូង៕

