ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាស នៅថ្ងៃទី១ ខែសីហានេះថា ក្រុមហ៊ុន Air Cambodia នឹងធ្វើការបញ្ជាទិញយន្តហោះ Boeing 737 MAX 8 ចំនូួន ១០គ្រឿង រួមទាំងជម្រើសទិញហោះយន្តហោះប្រភេទនេះ ១០គ្រឿងបន្ថែមទៀតផងដែរ ដែលជាផ្នែកមួយនៃកិច្ចចរចាពន្ធគយ ជាមួយសហដ្ឋអាមេរិក នាពេលថ្មីៗនេះ។

ជុំវិញការបញ្ជាទិញយន្តហោះដ៏ច្រើននេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ឲ្យដឹងទៀតផងដែរថា ការប្រគល់ជូនលើកដំបូងរំពឹងទុកថានឹងត្រូវធ្វើឡើងនៅត្រឹមឆ្នាំ២០៣១។
យ៉ាងណាមិញ តើយន្តហោះ Boeing 737 MAX 8 មានលក្ខណ:ពិសេសយ៉ាងណាខ្លះ?
យន្តហោះ Boeing 737 MAX 8 គឺជាម៉ូដែលជំនាន់ចុងក្រោយបំផុតមួយ នៅក្នុងត្រកូល Boeing 737 MAX ដែលជាយន្តហោះមានតួខ្លួនតូច ប៉ុន្តែមានសមត្ថភាពខ្ពស់ និងកម្រិតស៊ីសាំងតិច។
យន្តហោះប្រភេទនេះ អាចផ្ទុកអ្នកដំណើរសរុបបានចំនួនចន្លោះពី ១៨៣ ទៅ ២១៩ នាក់។ វាបំពាក់មកជាមួយម៉ាស៊ីនប្រភេទ CFM LEAP 1-B មករួមជាមួយមុខងារ Advanced AT Winglet ដែលផ្តល់នូវប្រសិទ្ធភាពនូវកម្រិតស៊ីសាំងប្រសើរឡើងជាងមុន ក៏ដូចជាការរចនាឡើងជាពិសេសតាមបែប Boeing Sky Interior។
គួរឲ្យដឹងថា Boeing 737 MAX 8 មានកម្ពស់ ១២,៤២ម៉ែត្រ ប្រវែង ៣៩,៥២ម៉ែត្រ។ វាមានល្បឿនជាមធ្យម ៨៣៩ គីឡូម៉ែត្រក្នុងមួយម៉ោង អាចហោះហើរបានចម្ងាយឆ្ងាយបំផុតដល់ ៥ ៥០០ គីម៉ែត្រ។
ជម្រាបជូនផងដែរថា ចំពោះតម្លៃ Boeing 737 MAX 8 ថ្មី អាចមានតម្លៃប្រហែល ១២០លានដុល្លារ ក្នុងមួយគ្រឿង។ ទោះជាយ៉ាងណាក៏ដោយ តម្លៃចុងក្រោយ នៅអាចប្រែប្រួលដោយផ្អែកលើជម្រើស និងកិច្ចព្រមព្រៀងដែលបានចរចាជាមួយក្រុមហ៊ុន Boeing ៕

