ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ថ្មីៗនេះ បានយល់ព្រមផ្តល់កញ្ចប់ភាគហ៊ុនដែលមានតម្លៃប្រហែល ២៩ពាន់លានដុល្លារ ទៅកាន់នាយកប្រតិបត្តិ លោក Elon Musk ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងប្រាក់ឈ្នួលថ្មី ក្នុងគោលបំណងរក្សាមហាសេដ្ឋីរូបនេះ ឲ្យបន្តដឹកនាំក្រុមហ៊ុន ចំពេលកំពុងប្រឈមមុខទៅនឹងបញ្ហាជាច្រើន។ នេះបើតាមចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុន Tesla បានហៅការផ្តល់ជូននេះថា ជាកញ្ចប់ប្រាក់រង្វាន់បណ្តោះអាសន្ន ដែលជាជំហានដំបូង ដើម្បីបង្ហាញពីសុច្ឆន្ទ: និងលើកទឹកចិត្តនាយកប្រតិបត្តិរបស់ខ្លួនឡើងវិញ បន្ទាប់ពីកញ្ចប់រង្វាន់ដំបូងដែលមានតម្លៃ ៥០ពាន់លានដុល្លារ ដែលក្រុមហ៊ុនគ្រោងផ្តល់ជូន លោក Musk កាលពីថ្ងៃ២០១៨ ត្រូវបានតុលាការ Delaware សម្រេចច្រានចោល។
អំឡុងពេលនោះ តុលាការបានស្នើសុំឲ្យក្រុមហ៊ុន Tesla បង្ហាញលទ្ធផលនៃការបោះឆ្នោត ដើម្បីស៊ើបអង្កេតឲ្យបានច្បាស់ថា ការឯកភាព ចំពោះការផ្តល់ប្រាក់រង្វាន់នោះ មិនស្ថិតក្រោមសម្ពាធពីលោក Elon Musk។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ លោក Musk នឹងទទួលបានកញ្ចប់ប្រាក់រង្វាន់ថ្មី ប្រសិនបើលោកបន្តធ្វើជា CEO របស់ក្រុមហ៊ុន ក្នុងរយ:ពេលពីរឆ្នាំទៀត។ កញ្ចប់ថ្មីនេះ រួមបញ្ចូលទាំងជម្រើសក្នុងការទិញយកភាគហ៊ុន Tesla ចំនួន ៩៦ លានហ៊ុន ដែលមានតម្លៃស្មើទៅនឹងជាង ២៩ពាន់លានដុល្លារ។
ជម្រាបជូនផងដែរថា បើតាម Tesla បានអះអាងថា លោក Musk សមនឹងទទួលបានកញ្ចប់ប្រាក់រង្វាន់នេះ បន្ទាប់ពីបានជួួយក្រុមហ៊ុនឲ្យទទួលបានភាគរីកចម្រើន។ ហើយកាលពីថ្ងៃទី៤ ខែសីហាកន្លងទៅ Tesla ក៏បាននិយាយផងដែរថា ខ្លួននឹងបន្តរៀបចំការបោះឆ្នោតលើផែនការផ្តល់ប្រាក់រង្វាន់រយ:ពេលវែង សម្រាប់ CEO របស់ខ្លួនបន្ថែមទៀត នៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុន ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី៦ ខែវិច្ឆិកាខាងមុខ៕

