ឥណ្ឌា ប្រកាសផ្អាកគម្រោងទិញអាវុធពីអាមេរិក ក្រោយ ត្រាំ ដំឡើងពន្ធដល់ ៥០%

អន្តរជាតិ

រដ្ឋាភិបាលឥណ្ឌា ថ្មីៗនេះ បានប្រកាសផ្អាកផែនការរបស់ខ្លួន ក្នុងការទិញសព្វាវុធ និងយន្តហោះថ្មីៗរបស់អាមេរិក ដែលជាសញ្ញាមួយបង្ហាញពីការខកចិត្តរបស់ឥណ្ឌា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដំឡើងពន្ធគយខ្ពស់បំផុតលើការនាំចេញរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមប្រភពមួយចំនួន បានបង្ហាញឲ្យដឹងថា ប្រទេសឥណ្ឌា មានគម្រោងបញ្ជូនរដ្ឋមន្ត្រីការពារជាតិ លោក Rajnath Singh ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ សម្រាប់ការប្រកាសអំពីការទិញសព្វាវុធមួយចំនួន ប៉ុន្តែក្រោយមក ផែនការនេះ ត្រូវបានលុបចោលវិញ។

ប្រធានាធិបតីអាមេរិក លោក ត្រាំ កាលពីថ្ងៃទី៦ ខែសីហា បានដាក់ពន្ធបានដាក់ពន្ធបន្ថែម ២៥% លើទំនិញរបស់ឥណ្ឌា ដែលជាការដាក់ទណ្ឌកម្មសម្រាប់ការបន្តទិញប្រេងពីរុស្ស៊ី ដែលធ្វើឲ្យពន្ធគយសរុបលើការនាំចេញរបស់ឥណ្ឌា កើនដល់ ៥០% ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រោយការចុះផ្សាយព័ត៌មាននេះ រដ្ឋាភិបាលឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍ ដោយចាត់ទុកថារបាយការណ៍នេះ ជារឿងមិនពិត និងថែមទាំងបញ្ជាក់ទៀតថា ផែនការទិញអាវុធពីអាមេរិក កំពុងបន្តដំណើរការតាមនីតិវិធីដែលមានស្រាប់។

ជម្រាបជូនផងដែរថា​ ជុំវិញផែនការទិញសព្វាវុធដែលរាយការណ៍មកថាផ្អាកនេះ គឺគ្រប់ដណ្តបទៅលើការទិញរថយន្តប្រយុទ្ធ Stryker ផលិតដោយក្រុមហ៊ុន General Dynamics Land Systems និងកាំជ្រួចប្រឆាំងរថក្រោះ Javelin ដែលបង្កើតឡើងដោយក្រុមហ៊ុន Raytheon និង Lockheed Martin នៅក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រមាណ ៣,៦ពាន់លានដុល្លារ៕​