ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១១ ខែសីហា បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីបន្តពន្យារពេលដាក់ពន្ធគយខ្ពស់កប់ពពកទៅលើប្រទេសចិន រយៈពេល ៩០ថ្ងៃបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលត្រូវបានគេសួរនាំនៅក្នុងសន្និសីទសារព័ត៌មានមួយ អំពីលទ្ធភាពនៃការបន្តពន្យារពេលើពន្ធគយនេះ លោក ត្រាំ បាននិយាយថា ៖” យើងនឹងឃើញថានឹងមានអ្វីកើតឡើងនាពេលបន្ទាប់”។ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានលើកសរសើរអំពីទំនាក់ទំនងដ៏ល្អរបស់លោក ជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ផងដែរ។
រំឮកផងដែរថា កាលពីខែឧសភា បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងហ្សីណែវ ប្រទេសស្វីស មន្ត្រីកំពូលនៃប្រទេសទាំងពីរ បានយល់ព្រមផ្អាកជាបណ្តោះអាសន្ន នូវការដាក់ពន្ធគយមួយចំនួន សម្រាប់រយៈពេល ៩០ថ្ងៃ និងថែមទាំងបានកាត់បន្ថយពន្ធនាំចូលយ៉ាងច្រើនផងដែរ។
តាមរយៈកិច្ចព្រមព្រៀងនោះ ពន្ធនាំចូលសរុបលើទំនិញរបស់ចិន ត្រូវបានកាត់បន្ថយពី ១៤៥% មកនៅត្រឹម ៣០% ខណៈពន្ធគយលើទំនិញអាមេរិកវិញ ត្រូវកាត់បន្ថយពី ១២៥% មកនៅត្រឹម ១០% ផងដែរ។ អត្រាទាំងនេះ នឹងមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី១១ ខែសីហា។
យ៉ាងណាមិញ ជុំវិញការបន្តពន្យារពេលនេះ លោក Wendy Cutler អតីតមន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់អាមេរិកបាននិយាយថា ៖”នេះគឺជាព័ត៌មានវិជ្ជមាន។ ជំហានដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងចិន ដើម្បីកាត់បន្ថយភាពតានតឹងក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ បង្ហាញថាភាគីទាំងពីរកំពុងធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយ ដោយដាក់មូលដ្ឋានគ្រឹះសម្រាប់កិច្ចប្រជុំរវាងមេដឹកនាំទាំងពីរនៅក្នុងពេលឆាប់ៗខាងមុខ” ។
ជម្រាបជូនផងដែរថា កាលពីសប្តាហ៍មុន លោក ត្រាំ ក៏បាននិយាយថា សហរដ្ឋអាមេរិក និងចិនមានភាពជិតស្និទ្ធនឹងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ហើយលោកបានសង្កត់ធ្ងន់ទៀតថា លោកអាចជួបជាមួយលោក ស៊ី នៅចុងឆ្នាំនេះ ប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានសម្រេច៕

