មហាសេដ្ឋី Warren Buffett ទិញភាគហ៊ុនតម្លៃ ១,៦ពាន់លានដុល្លារ ក្នុងក្រុមហ៊ុនធានារ៉ាប់រងអាមេរិក

អន្តរជាតិ

ក្រុមហ៊ុន Berkshire Hathaway របស់មហាសេដ្ឋី Warren Buffett បានប្រកាសទិញយកភាគហ៊ុននៅក្នុងក្រុមហ៊ុនធានារ៉ាប់រងខ្នាតយក្សអាមេរិក UnitedHealth Group នៅក្នុងតម្លៃប្រមាណ ១,៦ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមឯកសារផ្លូវការមួយ បានបង្ហាញឲ្យដឹងកាលពីថ្ងៃទី១៤ ខែសីហា ថា ក្រុមហ៊ុន Berkshire បានទិញយកភាគហ៊ុននៅក្នុងចំនួន ៥ លានហ៊ុន នៅក្នុង UnitedHealth ជាមួយតម្លៃសរុប ១,៦ពាន់លានដុល្លារ។ ក្រោយការទិញយកនេះ បានធ្វើឲ្យតម្លៃភាកហ៊ុនរបស់ក្រុមហ៊ុនធានារ៉ាប់រង អាមេរិក ហក់ឡើងដល់កម្រិតខ្ពស់បំផុតមួយ នៅក្នុងការជួញដូរចុងក្រោយ។

គួរឲ្យដឹងផងដែរថា ជុំវិញការវិនិយោគរបស់មហាសេដ្ឋី Buffett នៅក្នុង UnitedHealth នេះ បានកើតឡើងនៅពេលដែលក្រុមហ៊ុនផ្តល់សេវាថែទាំសុខភាពប្រឈមមុខទៅនឹងវិបត្តិជាច្រើន។ UnitedHealth រួមជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងសុខភាពផ្សេងទៀតរបស់សហរដ្ឋអាមេរិក ក៏បានប្រឈមមុខនឹងការកើនឡើងថ្លៃព្យាបាល ដែលមិននឹកស្មានដល់ផងដែរ។

ជម្រាបជូនផងដែរថា ទន្ទឹមនឹងនេះទិញភាគហ៊ុន នៅក្នុង UnitedHealth ក្រុមហ៊ុនរបស់មហាសេដ្ឋី Buffett ក៏បានលក់ភាគហ៊ុនចំនួន ២០ លានហ៊ុន នៅក្រុមហ៊ុន Apple Inc. ក្នុងអំឡុងពេលនេះផងដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ Berkshire នៅតែជាអ្នកកាន់ភាគហ៊ុនច្រើនបំផុតនៅក្នុង Apple គិតមកទល់ពេលនេះ៕​