រដ្ឋបាលលោក ត្រាំ ពិចារណាទិញភាគហ៊ុនក្នុងក្រុមហ៊ុនបន្ទះឈីប Intel មកគ្រប់គ្រង

អន្តរជាតិ

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតនៅក្នុងការពិភាក្សាជាមួយក្រុមហ៊ុន Intel ដើម្បីអាចឲ្យរដ្ឋាភិបាលអាមេរិក មានសិទ្ធិក្នុងការចូលទៅកាន់កាប់ភាគហ៊ុនមួយផ្នែក នៅក្នុងក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការផ្លាស់ប្តូរនេះ កំពុងបង្ហាញពីការចូលរួមអន្តរាគមន៍មួយផ្សេងទៀត របស់ប្រធានាធិបតីអាមេរិក លោក ត្រាំ នៅក្នុងឧស្សាហកម្មដែលត្រូវបានគយល់ឃើញថាមានសារៈសំខាន់ចំពោះសន្តិសុខជាតិ។

តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Intel បានបដិសេធមិនធ្វើការអត្ថាធិប្បាយណាមួយជុំវិញរបាយការណ៍នេះនៅឡើយនោះទេ ប៉ុន្តែខ្លួនធ្លាប់បាននិយាយថា នឹងមានការប្តេជ្ញាចិត្តពេញលេញ ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ ក្នុងការពង្រឹងបច្ចេកវិទ្យា និងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក។

ជម្រាបជូនផងដែរថា ការពិភាក្សានេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំមួយ នៅសប្តាហ៍នេះរវាងលោក ត្រាំ និងនាយកប្រតិបត្តិ Intel លោក Lip-Bu Tan ។ កិច្ចប្រជុំនោះបានកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក ទាមទារជាសាធារណៈឲ្យលោក Tan លាលែងពីតំណែង ជុំវិញការវិនិយោគរបស់គាត់ នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចំនួន ដែលមានទំនាក់ទំនងជាមួយយោធាចិន៕​