ក្រុមហ៊ុន KKR កាលពីពេលថ្មីៗនេះ បានក្លាយជាអ្នកដេញថ្លៃនាំមុខគេ ក្នុងការទិញយកអគារទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Nissan Motor ចំពេលក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សជប៉ុន កំពុងប្រឈមមុខទៅនឹងការលក់ទ្រព្យសម្បត្តិដើម្បីពង្រឹងផ្នែកហិរញ្ញវត្ថុរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែលនេះ បង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន KJR Management (KJRM) ដែលជាអង្គភាពអចលនទ្រព្យនៅក្នុងប្រទេសជប៉ុន របស់ KKR បានផ្តល់ជូនសំណើទឹកប្រាក់ប្រមាណ ៩០ពាន់លានយ៉េន (៦១០លានដុល្លារ) សម្រាប់ទិញយកអគារការិយាល័យកម្ពស់ ២២ ជាន់ របស់ក្រុមហ៊ុន Nissan។
យ៉ាងណាមិញ ទាំង KJRM និង KKR កំពុងពិចារណាស្វែងរកវិធីដើម្បីរៃអង្គាសប្រាក់ សម្រាប់ផ្តល់ហិរញ្ញប្បទានដល់ការទិញយកនេះ ហើយកិច្ចព្រមព្រៀងដ៏ធំនេះផងដែរ ក៏នឹងរួមបញ្ចូលទាំងការជួលអគារនោះ ត្រលប់ទៅឲ្យក្រុមហ៊ុន Nissan វិញ សម្រាប់រយៈពេល ១០ឆ្នាំផងដែរ។
ក្រុមហ៊ុន KKR ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បាននិងកំពុងពង្រីកអាជីវកម្មរបស់ខ្លួនកាន់តែច្រើនឡើង នៅក្នុងប្រទេសជប៉ុន ជាពិសេសនៅក្នុងការកាន់កាប់ភាគហ៊ុនឯកជន និងកិច្ចព្រមព្រៀងអចលនទ្រព្យ។
ជម្រាបជូនផងដែរថា Nissan បាននិងកំពុងប្រឈមមុខទៅនឹងវិបត្តិជាច្រើន ជាពិសេសចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងពីវិស័យរថយន្តអគ្គិសនីដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស របស់ប្រទេសចិន៕

