OpenAI ដែលជាក្រុមហ៊ុនបង្កើតកម្មវិធី ChatGPT បានប្រកាសនឹងបើកដំណើរការការិយាល័យដំបូងបង្អស់របស់ខ្លួន នៅទីក្រុងញូវដេលីប្រទេសឥណ្ឌា នៅចុងឆ្នាំនេះ ដោយជំរុញអាជីវកម្មកាន់តែចូលជ្រៅបន្ថែមទៀត នៅក្នុងទីផ្សារធំបំផុតទីពីររបស់ខ្លួន ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន OpenAI ដែលត្រូវបានគាំទ្រដោយក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Microsoft បាននិយាយថា ក្រុមហ៊ុននឹងចាប់ផ្តើមបើកដំណើរការអាជីវកម្មដំបូងនៅក្នុងប្រទេសឥណ្ឌា ហើយនឹងចាប់ផ្តើមជួលក្រុមបុគ្គលិកនៅទីនោះ។
គួរឲ្យដឹងថា ប្រទេសឥណ្ឌា គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់ ChatGPT បន្ទាប់ពីពួកគេបានដាក់ចេញគម្រោងប្រចាំខែដែលមានតម្លៃទាបបំផុតមួយ សម្រាប់សេវាកម្ម AI របស់ខ្លួន ក្នុងគោលបំណងផ្តោតលើអ្នកប្រើប្រាស់អ៊ីនធឺណិត ជិតមួយពាន់លាននាក់ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោក។
លោក Sam Altman នាយកប្រតិបត្តិ OpenAI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះថា ៖”ការបើកការិយាល័យដំបូងរបស់យើង និងការកសាងក្រុមការងារក្នុងស្រុក គឺជាជំហានដំបូងដ៏សំខាន់ក្នុងការប្តេជ្ញាចិត្តរបស់យើង ក្នុងការធ្វើឱ្យ AI កម្រិតខ្ពស់អាចចូលដំណើរការបាននៅទូទាំងប្រទេស និងដើម្បីកសាង AI សម្រាប់ប្រទេសឥណ្ឌា និងជាមួយប្រជាជនឥណ្ឌា” ។
ជម្រាបជូនផងដែរថា ក្រុមហ៊ុន OpenAI កំពុងប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងនៅក្នុងប្រទេសឥណ្ឌា ពីសំណាក់គូប្រជែងដូចជាកម្មវិធី AI Gemini របស់ Google និង AI Perplexity ខណៈពេលដែលក្រុមហ៊ុនទាំងពីរ បានចាប់ផ្តើមផ្តល់ជូនសេវាកម្ម AI ដោយឥតគិតថ្លៃសម្រាប់អ្នកប្រើប្រាស់ជាច្រើន នៅក្នុងទីផ្សារប្រទេសនេះ៕

