នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christropher Luxon បាននិយាយនៅថ្ងៃចន្ទនេះថា លោកនឹងអនុញ្ញាតឲ្យវិនិយោគិនបរទេស ដែលមានទិដ្ឋាការស្នាក់នៅសម្រាប់វិនិយោគ អាចទិញ ឬសាងសង់ផ្ទះនៅបាន ដរាបណាផ្ទះនោះមានតម្លៃយ៉ាងហោចណាស់ចាប់ពី ៥លានដុល្លាររីនូវែលសេឡង់ ឬប្រមាណជិត ៣លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

គួរឲ្យដឹងថា កាលពីខែមេសា រដ្ឋាភិបាននូវែលសេឡង់ បានបន្ធូរបន្ថយច្បាប់ទៅលើទិដ្ឋការស្នាក់នៅរបស់ជនបរទេស សម្រាប់ការវិនិយោគ ដោយក្នុងនោះរាប់បញ្ចូលទាំងការបន្ថយមូលនិធិដែលត្រូវការ សម្រាប់ការវិនិយោគពី ១៥លានដុល្លារនូវែលសេឡង់ មកនៅត្រឹម ៥លានដុល្លារនូវែលសេឡង់ និងដកតម្រូវការភាសាអង់គ្លេស ចេញផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជនបរទេសដែលមានទិដ្ឋាការដែលមិនស្ថិតនៅក្នុងប្រទេសនូវែលសេឡង់រយៈពេល ៦ខែ ក្នងមួយឆ្នាំទេនោះ នៅតែមិនអាចមានសិទ្ធិទិញអចលនទ្រព្យបាននោះឡើយ។
យ៉ាងណាមិញ លោក Luxon បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖” រដ្ឋាភិបាលនឹងធ្វើការផ្លាស់ប្តូរដើម្បីអនុញ្ញាតឲ្យអ្នកដែលមានទិដ្ឋាការ អាចទិញ ឬសាងសង់ផ្ទះនៅបាន។ ហើយអចលនទ្រព្យទាំងនោះ ត្រូវតែមានតម្លៃយ៉ាងហោចណាស់ ៥លានដុល្លារនូវែលសេឡង់”។
“ការផ្លាស់ប្តូរនេះ គឺជាការបង្ហាញផ្លូវថ្មីមួយ ចំពោះអ្នកដែលចង់បានភាពជាម្ចាស់ និងមានបំណងដើម្បីទាក់ទាញអ្នកវិនិយោគដែលមានទ្រព្យសម្បត្តិច្រើន ដោយធ្វើឱ្យទំនាក់ទំនងរបស់ពួកគេកាន់តែស៊ីជម្រៅ ជាមួយប្រទេសរបស់យើង និងជួយឲ្យសេដ្ឋកិច្ចជាតិយើងរីកចម្រើន” នេះបើតាមការបញ្ជាក់បន្ថែមពីលោក Luxon៕

