ក្រុមហ៊ុនមេ ChatGPT គ្រោងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យធំដំបូងបំផុត នៅក្នុងប្រទេសឥណ្ឌា

អន្តរជាតិ

ក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT ថ្មីៗនេះ កំពុងស្វែងរកដៃគូក្នុងស្រុក ដើម្បីបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យដំបូងបំផុត នៅក្នុងប្រទេសឥណ្ឌា ដែលមានសមត្ថភាពយ៉ាងណាស់ ១ ជីហ្គាវ៉ាត់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

OpenAI ដែលគាំទ្រដោយ Microsoft បានចុះបញ្ជីអាជីវកម្មរួចរាល់ហើយនៅក្នុងប្រទេសឥណ្ឌា ហើយគ្រោងនឹងបើកការិយាល័យដំបូង នៅក្នុងទីក្រុងញូវដេលី នៅចុងឆ្នាំនេះ ដោយមានគោលបំណងពង្រីកវត្តមាន នៅក្នុងទីផ្សារដ៏ធំបំផុតទីពីររបស់ខ្លួន។

យ៉ាងណាមិញ​ ជុំវិញផែនការសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យថ្មីរបស់ OpenAI នៅឥណ្ឌានេះ អាចបង្ហាញពីជំហានថ្មីមួយនៅក្នុងទ្វីបអាស៊ី សម្រាប់ការជំរុញហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការ Stargate របស់ខ្លួន។

គួរឲ្យដឹងថា គម្រោង Stargate នេះគឺជាការវិនិយោគក្នុងវិស័យឯកជនរហូតដល់ ៥០០ពាន់លានដុល្លារសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ AI ដែលផ្តល់មូលនិធិដោយ SoftBank, OpenAI និង Oracle ។

ជម្រាបជូនថា ចំពោះទីតាំង និងពេលវេលានៃគម្រោងរបស់ OpenAI ដែលគ្រោងសង់ឡើងនៅប្រទេសឥណ្ឌា នៅតែមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ ខណៈនាយកប្រតិបត្តិរបស់ក្រុមហ៊ុន លោក Sam Altman អាចនឹងប្រកាសពីព័ត៌មានជាក់លាក់ទាំងនេះ នៅពេលធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសឥណ្ឌា ក្នុងខែកញ្ញា៕​