យោងតាមប្រភពច្បាស់ការមួយ បានបង្ហាញឲ្យដឹងថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃកិច្ចពិភាក្សា ដើម្បីអនុវត្តការកាត់បន្ថយពន្ធលើការនាំចូលរថយន្តរបស់ជប៉ុន ក្នុងរយៈពេល ១០-១៤ថ្ងៃ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

បើតាមប្រភពដែលបដិសេធមិនបញ្ចេញឈ្មោះដោយថាបញ្ហានេះគឺជាការសម្ងាត់ បានបង្ហាញថា ការកាត់បន្ថយនេះមានន័យថា អត្រាពន្ធរបស់សហរដ្ឋអាមមេរិកលើរថយន្តជប៉ុន ដែលធ្លាប់ដាក់ ២៧,៥% និងត្រូវធ្លាក់មកនៅត្រឹម ១៥% វិញ ហើយគ្រោងនឹងដាក់ឲ្យចូលជាធរមាន នៅចុងខែកញ្ញានេះ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កាលបរិច្ឆេទពិតប្រាកដជុំវិញការប្រកាសអំពីការកាត់បន្ថយពន្ធនេះ នៅតែស្ថិតនៅក្រោមការពិភាក្សានៅឡើយ ដោយបន្ថែមថាការសម្រេចចិត្តចុងក្រោយ នឹងត្រូវធ្វើឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
គួរឲ្យដឹងថា សហរដ្ឋអាមេរិកកាលពីខែកក្កដា បានយល់ព្រមកាត់បន្ថយពន្ធលើការនាំចូលរថយន្តជប៉ុន ប៉ុន្តែពេលវេលានៅតែមិនទាន់បញ្ជាក់ច្បាស់លាស់ ខណៈដែលលោក ត្រាំ មិនទាន់ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិនេះ នៅឡើយនោះទេ។
យ៉ាងណាក៏ដោយ អ្នកចរចាពាណិជ្ជកម្មកំពូលរបស់ប្រទេសជប៉ុន លោក Ryosei Akazawa ត្រូវបានគេរាយការណ៍ថា បានហោះទៅទីក្រុងវ៉ាស៊ីនតោន ថ្ងៃព្រហស្បតិ៍ នេះ ដើម្បីដាក់សម្ពាធលើសហរដ្ឋអាមេរិក ជុំវិញការដាក់ចេញបទបញ្ជាប្រតិបត្តិកាត់បន្ថយពន្ធរថយន្តនេះ៕

