តុលាការកំពូលរបស់ប្រទេសថៃ បានរកឃើញថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មិនបានអនុវត្តទោសជាប់ពន្ធគាររបស់លោកឲ្យបានត្រឹមត្រូវនោះឡើយ កាលពីក្នុងអំឡុងឆ្នាំ២០២៣ ដូច្នេះហើយទើបបានបង្គាប់ឲ្យអតីតនាយករដ្ឋមន្ត្រីថៃរូបនេះ ជាប់ពន្ធនាគារឡើងវិញ រយៈពេលមួយឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

តុលាការកំពូលរបស់ទីក្រុងបាងកក បានសម្រេចនៅថ្ងៃនេះថា ការផ្ទេរអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ពីពន្ធនាគារទៅកាន់មន្ទីរពេទ្យនៅក្នុងឆ្នាំ២០២៣ គឺជារឿងខុសច្បាប់។
ទន្ទឹមនឹងនេះ គណ:កម្មការចៅក្រមទាំងប្រាំរូប ក៏បានរកឃើញថា លោក ថាក់ស៊ីន មានចេតនាពន្យារការស្នាក់នៅមន្ទីរពេទ្យរបស់លោក។ ដូច្នេះហហើយ តុលាការកំពូល បានសម្រេចកាត់ទោសលោក ថាក់ស៊ីន ឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ និងបង្គាប់ឲ្យបញ្ជូនលោកទៅកាន់ពន្ធនាគារភ្លាមៗ បន្ទាប់ពីសវនាការត្រូវបានបញ្ចប់។
ជម្រាបជូនថា លោក ថាក់ស៊ីន ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីថៃ តាំងពីឆ្នាំ២០០១ ប៉ុន្តែត្រូវបានទម្លាក់ចេញពីតំណែងដោយរដ្ឋប្រហារយោធាក្នុងឆ្នាំ២០០៦។ បន្ទាប់ពីនិរទេសខ្លួនអស់ជាងមួយទសវត្សមក លោកក៏បានវិលត្រលប់មកកាន់ប្រទេសថៃវិញ នៅក្នុងឆ្នាំ២០២៣។ អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំ ពីបទរំលោភអំណាច ប៉ុន្តែត្រូវបានលើកលែងទោសឱ្យជាប់ពន្ធនាគារត្រឹមរយៈពេលមួយឆ្នាំវិញ។
តែទោះបីជាយ៉ាងណាក៏ដោយ លោក ថាក់ស៊ីន ជាប់គុកតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលបញ្ជូនទៅមន្ទីរពេទ្យ ដោយជំងឺគាំងបេះដូង និងឈឺទ្រូង ដែលធ្វើឱ្យមានការសង្ស័យ និងការតវ៉ា។ លោកត្រូវបានគេលើកលែងទោសបន្ទាប់ពី ៦ខែ និងតម្រូវឲ្យស្នាក់នៅគ្រប់ពេល ក្នុងបន្ទប់ VIP របស់មន្ទីរពេទ្យ៕

