វៀតណាម ស្ថិតក្នុងចំណោមទីផ្សារដែល Apple បញ្ចេញលក់ iPhone 17 ដំបូងគេបង្អស់

អន្តរជាតិ

វៀតណាម នឹងស្ថិតនៅក្នុងចំណោមទីផ្សារដំបូងគេបង្អស់ ដែលក្រុមហ៊ុន Apple នឹងបញ្ចេញដាក់លក់ទូរសព័្ទ iPhone 17 ស៊េរី ជាមួយសហរដ្ឋអាមេរិក និងសិង្ហបុរី ដោយការបញ្ជាទិញដំបូងនឹងបើកនៅថ្ងៃទី១២ ខែកញ្ញា ខណៈការចែកចាយនឹងធ្វើឡើងនៅមួយសប្តាហ៍ក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ប្រទេសទាំងបីនេះ ក៏នឹងចូលរួមជាមួយទីផ្សារចំនួន ៦៣ ផ្សេងទៀត ដែលនឹងទទួលបានការចែកចាយ iPhone មុនគេ រួមទាំងប្រទេសអូស្ត្រាលី កាណាដា ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី និងថៃ ។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិកនេះ ជាធម្មតាផ្តល់អទិភាពចម្បងដល់ប្រទេស ដែលមានហាង Apple Store ជាផ្លូវការប៉ុណ្ណោះ សម្រាប់ការចែកចាយដំបូង ខណៈពេលដែលវៀតណាម បច្ចុប្បន្នមានតែហាងអនឡាញផ្លូវការប៉ុណ្ណោះ។

តែទោះជាយ៉ាងណាក៏ដោយ កំណើននៃការលក់ដ៏ខ្លាំងក្លា ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានធ្វើឲ្យប្រទេសវៀតណាម ក្លាយជាទីផ្សារដ៏សំខាន់បំផុតមួយរបស់ Apple នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ជម្រាបជូនផងដែរថា កាលពីរាត្រីថ្ងៃទី១០ Apple បានប្រកាសចេញនូវទូរស័ព្ទ iPhone 17 ស៊េរីរបស់ខ្លួន ដោយមកជាមួយម៉ូដែលធម្មតា Pro , Pro Max និងបន្ថែមជាមួយនឹងម៉ូដែលថ្មីមួយផ្សេងទៀត គឺ iPhone Air។

នៅលើទីផ្សារ iPhone 17 ចាប់ផ្តើមពីតម្លៃ ៧៩៩ដុល្លារ iPhone 17 Pro មានតម្លៃចាប់ពី ១០៩៩ដុល្លារ ខណៈ iPhone 17 Pro Max មានតម្លៃ ១១៩៩ដុល្លារ និង iPhone Air តម្លៃចាប់ពី ៩៩៩ដុល្លារ៕