ការនាំចូលដូងរបស់វៀតណាម បានកើនឡើងជិត ១៩ដង ដល់ចំនួន ៣១,២លានដុល្លារ ក្នុងរយៈពេល ៧ខែដំបូងឆ្នាំនេះ ចំពេលមានការខ្វះខាតការផ្គត់ផ្គង់នៅក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Dang Phuc Nguyen អគ្គលេខាធិការនៃសមាគមផ្លែឈើ និងបន្លែវៀតណាម បាននិយាយថា ការកើនឡើងនៃការនាំចូលនេះ គឺបណ្តាលមកពីការកើនឡើងនៃការនាំចេញដូងស្រស់ ដែលធ្វើឲ្យការផ្គត់ផ្គង់នៅក្នុងស្រុកខ្វះខាត។
គួរឲ្យដឹងថា ការនាំចេញដូងក្នុងរយៈពេល ៧ខែដំបូងនៅឆ្នាំនេះរបស់វៀតណាម បានឈានដល់ ៣០៥,២លានដុល្លារ ជាមួយនឹងការកើនឡើង ៥៧% នៃដូងកែច្នៃ និង ១៥% នៃដូងស្រស់។
យ៉ាងណាមិញ ដើម្បីបំពេញតម្រូវការនៅក្នុងស្រុកដែលកំពុងមានភាពខ្វះខាត ក្រុមហ៊ុនកែច្នៃជាច្រើន បាននិងកំពុងបន្តនាំចូលដូងកាន់តែច្រើនពីប្រទេសឥណ្ឌូណេស៊ី និង Papua New Guinea ៕

