ក្រុមហ៊ុន Apple បានទទួលរងនូវការខាតបង់យ៉ាងច្រើនមិនគួរឲ្យជឿ បន្ទាប់ពីការប្រកាសចេញជាផ្លូវការនូវទូស័ព្ទជំនាន់ចុងក្រោយ iPhone 17 ស៊េរីរបស់ខ្លួន ដែលបង្ករឲ្យមានការរិះគន់យ៉ាងខ្លាំងទាំងពីសំណាក់អ្នកវិនិយោគ និងអ្នកទិញ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Gulf News បានបង្ហាញឲ្យដឹងថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះអស់ ១,៥% ភ្លាមៗ បន្ទាប់ពីការប្រកាសចេញ iPhone 17 នៅថ្ងៃទី៩ ខែកញ្ញាកន្លងទៅ និងបន្ទាប់មកបានបន្តធ្លាក់ចុះ ៣,២៣% បន្ថែមទៀត នៅថ្ងៃបិទការជួញដូរចុងក្រោយ។
យ៉ាងណាមិញជុំវិញការធ្លាក់ចុះនៃភាគហ៊ុននេះ បានធ្វើឲ្យតម្លៃមូលធនទីផ្សាររបស់ Apple ថយចុះអស់ប្រមាណជាង ១១២ពាន់លានដុល្លារ ពោលនៅត្រឹមរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការប្រកាសចេញទូរស័ពន្ទជំនាន់ចុងក្រោយរបស់ខ្លួននេះ។
គួរដឹងផងដែរថា បើតាមអ្នកវិនិយោគបានបង្ហាញថា ជុំវិញការធ្លាក់ចុះនេះបានកើតឡើងដោយសារមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់ក្រុមវិនិយោគិន ទៅលើយុទ្ធសាស្រ្តច្នៃប្រឌិត ជាពិសេសពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា AI របស់ក្រុមហ៊ុន Apple ដែលហាក់មិនមានអ្វីថ្មី បើធៀបទៅនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗដទៃទៀត។
ទន្ទឹមនឹងនេះ សម្ពាធពន្ធ ក៏ត្រូវបានចាត់ទុកជាមូលហេតុចម្បងមួយផងដែរ ដោយសារតែ Apple បញ្ជាក់ថា ខ្លួននឹងមិនដំឡើងថ្លៃផលិតពន្ធរបស់ខ្លួននោះឡើយ បើទោះបីជាកំពុងប្រឈមមុខទៅនឹងពន្ធគយលើសពី ១ពាន់លានដុល្លារ ក៏ដោយ។ ការសម្រេចចិត្តបែបនេះ អាចនឹងបង្ករឲ្យមានការភ័យខ្លាច ជុំវិញការធ្លាក់ចុះនៃប្រាក់ចំណេញរបស់ក្រុមហ៊ុនយ៉ាងច្រើន។
ជម្រាបជូនផងដែរថា តម្លៃមូលធនទីផ្សាររបស់ Apple មានចំនួនជិត ៣,៥ទ្រីលានដុល្លារ មុនពេលព្រឹត្តិការណ៍នេះ។ ហើយការធ្លាក់ចុះនៃភាគហ៊ុន ៣,២% បានធ្វើឲ្យក្រុមហ៊ុនបាត់បង់ប្រហែលជាង ១១២ពាន់លានដុល្លារ ដែលប្រហែលនឹងទំហំនៃតម្លៃទីផ្សាររបស់ក្រុមហ៊ុន Nike ទាំងមូល៕

