ថ្មីៗនេះ អ្នកជំនាញបានព្យាករថា ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលៗ ដូចជា BYD និង Tesla អាចនឹងទទួលរងនូវការខាតបង់ច្រើនបំផុត នៅពេលដែលប្រទេសម៉ិកស៊ិក គ្រោងនឹងដាក់ពន្ធរហូតដល់ទៅ ៥០% លើរថយន្តដែលនាំចូលមកពីប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី១០ ខែកញ្ញា ម៉ិកស៊ិក បានប្រកាសពីផែនការធ្វើកំណែទម្រង់ពន្ធដារ ដើម្បីការពារការងារក្នុងស្រុក។ ក្នុងនោះដែរ រថយន្តដែលនាំចូលមកពីប្រទេសដែលមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេរី(FTA) ជាមួយប្រទេសនេះ រួមមានចិន កូរ៉េខាងត្បូង ឥណ្ឌា ឥណ្ឌូណេស៊ី និងរុស្ស៊ី នឹងត្រូវបង់ពន្ធ ៥០%។
ជុំវិញអត្រាពន្ធគយនេះ ត្រូវបានគេរំពឹងថានឹងអនុវត្តចំពោះទាំងរថយន្តអគ្គិសនី និងសាំង ខណៈដែលវានឹងត្រូវប៉ះពាល់យ៉ាងខ្លាំងដល់រថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិន និងដាក់លក់នៅក្នុងប្រទេសម៉ិកស៊ិក ជាពិសេស BYD និង Tesla តែម្តង។ នេះបើតាមការឲ្យដឹងពីអ្នកជំនាញ។
យ៉ាងណាមិញ យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Gasgoo បានបង្ហាញឲ្យដឹងថា ម៉ិកស៊ិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតសម្រាប់រថយន្តដែលផលិតនៅក្នុងប្រទេសចិនក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះ ជាមួយនឹងការនាំចេញជិត ៣៨ ៥០០ គ្រឿង ពោលគឺបានកើនឡើងជាង ២៤% ធៀបទៅនឹងឆ្នាំមុន។
ជម្រាបជូនផងដែរថា បច្ចុប្បន្នទាំង BYD និង Tesla មិនទាន់មានរោងចក្រនៅក្នុងប្រទេសម៉ិកស៊ិកនៅឡើយទេ ស្របពេលផែនការមុនៗរបស់ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលទាំងពីរនេះ នៅក្នុងប្រទេសម៉ិកស៊ិក ត្រូវបានផ្អាក ដោយសារតែអត្រាការប្រាក់ខ្ពស់ និងចំពេលសេដ្ឋកិច្ចពិភពលោកមានភាពទន់ខ្សោយ៕

