Alphabet ដែលក្រុមហ៊ុនមេរបស់ Google ទើបតែក្លាយជាក្រុមហ៊ុនទីបួនរបស់ពិភពលោក ដែលអាចឈានដល់តម្លៃមូលធនទីផ្សារចំនួន ៣ទ្រីលានដុល្លារបន្ទាប់ពី Apple , Microsoft និង Nvidia ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

នៅពេលបិទការជួញដូរចុងក្រោយ កាលពីថ្ងៃទី១៥ ខែកញ្ញា ភាគហ៊ុនរបស់ Alphabet បានកើនឡើងច្រើនជាង ៤%។ ដូច្នេះហើយ ទើបធ្វើឲ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុន បានឈានដល់ចំនួនជាង ៣ទ្រីលានដុល្លារ ជាលើកដំបូង។
គួរឲ្យដឹងផងដែរថា គិតចាប់តាំងពីដើមឆ្នាំ២០២៥ នេះមក ភាគហ៊ុនរបស់ក្រុមហ៊ុនមេ Google មួយនេះ បានកើនឡើងច្រើនជាង ៣០% រួចមកហើយ ខណៈពេលដែលភាគហ៊ុននៅលើសន្ទស្សន៍ Nasdaq Composite បានកើនឡើងប្រមាណ ១៥%។
ជម្រាបជូនផងដែរថា Alphabet ត្រូវបានបង្កើតឡើងកាលពី ១០ឆ្នាំមុន ក្នុងនាមជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Google ។ លោក Sundar Pichai ត្រូវបានជ្រើសរើសឲ្យដឹកនាំក្រុមហ៊ុននេះ នៅក្នុងឆ្នាំ២០១៩ ដោយបន្តតំណែងពីសហស្ថាបនិក លោក Larry Page៕

