ប្រាក់ចំណេញរបស់ Toyota ទំនងធ្លាក់ចុះ ២០% ដោយសារតែជម្លោះអ៊ីរ៉ង់

អន្តរជាតិ

ក្រុមហ៊ុន Toyota ថ្មីៗនេះ បានព្យាករពីការធ្លាក់ចុះនៃប្រាក់ចំណេញរបស់ខ្លួនរហូតដល់ ២០% សម្រាប់ឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ន ដោយសារតែភាពមិនប្រាកដប្រជានៃការចំណាយ និងការផ្គត់ផ្គង់ដែលបណ្តាលមកពីជម្លោះនៅជម្ឈិមបូព៌ា ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រាក់ចំណូល ទោះបីជាមានតម្រូវការរឹងមាំក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុតរបស់ពិភពលោកមួយនេះ រំពឹងថានឹងទទួលបានប្រាក់ចំណូលពីប្រតិបត្តិការចំនួន ៣ទ្រីលានយ៉េន (១៩ពាន់លានដុល្លារ) នៅឆ្នាំសារពើពន្ធនេះ ដែលដំណើរការរហូតដល់ឆ្នាំខែមីនា ឆ្នាំ២០២៧ បើធៀបទៅនឹងលទ្ធផលចំនួន ៣,៧៧ទ្រីលានដុល្លារយ៉េន នៅក្នុងឆ្នាំសារពើពន្ធដែលទើបបញ្ចប់ទៅថ្មីៗ។

ក្រុមហ៊ុន Toyota បាននិយាយកាលពីសប្តាហ៍មុនថា ការលក់រថយន្តរបស់ខ្លួន នៅមជ្ឈិមបូព៌ា បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែមីនា បន្ទាប់ពីការដឹកជញ្ជូននៅកាន់តំបន់នេះត្រូវបានរំខាន ដោយសារតែជម្លោះដែលកំពុងបន្ត។

គួរជម្រាបជូនផងដែរថា ជុំវិញទស្សនវិស័យនៃការធ្លាក់ចុះប្រាក់ចំណេញនេះ ហាក់កំពុងបន្ថែមសម្ពាធកាន់តែខ្លាំងទៅលើនាយកប្រតិបត្តិថ្មី លោក Kenta Kon ដែលទើបទទួលតួនាទីកាលពីខែមុន ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សជប៉ុននេះ បានប្រឈមមុខនឹងផលប៉ះពាល់ខ្លាំងដោយសារពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានកាត់បន្ថយប្រាក់ចំណេញប្រតិបត្តិការរហូតដល់ ១,៤ទ្រីលានយ៉េន ក្នុងឆ្នាំដែលទើបបញ្ចប់រួចទៅហើយនោះ៕​