ធនាគារកណ្តាលអាមេរិក កាត់បន្ថយអត្រាការប្រាក់ជាលើកដំបូង ក្រោមសម្ពាធរបស់លោក ត្រាំ

អន្តរជាតិ

ធនាគារកណ្តាលអាមេរិក (Fed) កាលពីថ្ងៃទី១៧ ខែកញ្ញា បានសម្រេចទម្លាក់អត្រាការប្រាក់ជាលើកដំបូងក្នុងឆ្នាមនេះ ដោយបង្ហាញពីការកើនឡើងយឺតយ៉ាវនៃវិស័យការងារ ដែលជាសញ្ញាអវិជ្ជមានប៉ះពាល់ដល់សេដ្ឋកិច្ច ចំពេលមានការដាក់សម្ពាធកាន់តែខ្លាំង ដោយប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារកណ្តាលអាមេរិក បានកាត់បន្ថយអត្រាការប្រាក់ ២៥​ ពិន្ទុ ឬ ០,២៥% ដែលនេះមានន័យថាអត្រាការប្រាក់គោលរបស់ Fed បច្ចុប្បន្ន ត្រូវបានទម្លាក់មកនៅត្រឹម ៤-៤,២៥%​។

យ៉ាងណាមិញប្រធាន Fed លោក Jerome Powell បានសង្កត់ធ្ងន់ថា ធនាគារកណ្តាល នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការរក្សាឯករាជ្យភាពរបស់ខ្លួនពីនយោបាយ បើទោះបីជាទទួលរងសម្ពាធយ៉ាងខ្លាំង ពីសំណាក់ប្រធានាធិបតីអាមេរិក ក៏ដោយ។

គួរឲ្យដឹងថា កន្លងមក លោក ត្រាំ​ បានទទូចម្តងហើយម្តងទៀត ឲ្យធនាគារកណ្តាលអាមេរិក ធ្វើការទម្លាក់អត្រាការប្រាក់របស់ខ្លួន ខណៈពេលដែលសេតវិមាន បន្តរិះគន់ទៅលើលោក Powell ថាមានភាពយឺតយ៉ាវ ក្នុងការសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់បន្ថែម។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Powell បានបញ្ជាក់បន្ថែមថា Fed មានសិទ្ធិក្នុងការរង់ចាំមើលពីរបៀបដែលពន្ធគយ និងអតិផរណា ក៏ដូចជាទីផ្សារការងារវិឌ្ឍទៅមុខ មុនពេលនឹងសម្រេចចិត្តទម្លាក់អត្រាការប្រាក់បន្ថែមទៀត៕​