អ្នកមានដាច់គេនៅអឺរ៉ុប លោក Bernard Arnault កាលពីពេលថ្មីៗនេះ បានចេញមុខនិយាយរិះគន់លើសំណើនៃការដាក់ពន្ធ ២% លើមហាសេដ្ឋីកំពូលៗ ដែលអាចនឹងបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសបារាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សេដ្ឋកិច្ចរបស់បារាំង បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការកើនឡើងនៃបំណុល និងឱកភាពថវិកា ដែលជំរុញឲ្យសេដ្ឋកិច្ចវិទូ លោក Gabriel Zucman ស្នើដាក់ពន្ធលើកំពូលអ្នកមាន យ៉ាងហោចណាស់ ២% ដោយកំណត់គោលដៅលើអ្នកដែលមានទ្រព្យសម្បត្តិសរុបលើសពី ១០០លានអឺរ៉ូ (១១៧លានដុល្លារ)។
យ៉ាងណាមិញ គំនិតនេះត្រូវបានគាំទ្រដោយគណបក្សឆ្វេងនិយម រួមទាំងគណបក្សសង្គមនិយម ខណៈពេលដែលពួកខាងស្តាំនិយមបានប្រឆាំង ដោយខ្លាចថាការដាក់ពន្ធនេះ អាចនឹងធ្វើឲ្យអ្នកមានៗ នាំគ្នារត់ចេញពីប្រទេសបារាំង។
ទន្ទឹមនឹងនេះ លោក Bernard Arnault ដែលជាប្រធានក្រុមហ៊ុន LVHM ក៏បានបង្ហាញារិះគន់ទៅលើគំនិតនេះផងដែរ ដោយនិយាយថា៖” នេះច្បាស់ណាស់មិនមែនជាការជជែកវែកញែកផ្នែកបច្ចេកទេស ឬសេដ្ឋកិច្ចនោះទេ ប៉ុន្តែវាជាផែនការបំផ្លាញសេដ្ឋកិច្ចបារាំង”។
គួរឲ្យដឹងថា លោក Arnault គឺជាប្រធាន និងជានាយកប្រតិបត្តិនៃ LVMH ដែលជាក្រុមហ៊ុនលក់ទំនិញប្រណីតៗធំបំផុតរបស់ពិភពលោក។ ក្រុមហ៊ុននេះគ្រប់គ្រងម៉ាកសម្លៀកបំពាក់ និងគ្រឿងសំអាងចំនួន ៧០ រួមមាន Sephora, Tiffany & Co, Givenchy, Christian Dior, Dom Perignon និង Moet Hennessy ជាដើម។ បច្ចុប្បន្ននេះ លោក Arnault គឺជាអ្នកមានបំផុតនៅអឺរ៉ុប ដែលមានទ្រព្យសម្បត្តិ ១៥៦ពាន់លានដុល្លារ ។នេះបើយោងតាមទស្សនាវដ្តី Forbes ៕

