ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្មីៗនេះ បានប្រកាសពីការដាក់ពន្ធថ្មីៗពី ២៥% រហូតដល់ ១០០% ទៅលើឱសថ រួមទាំងឡានដឹកទំនិញ និងគ្រឿងសង្ហារិមជាច្រើនប្រភេទ ដែលនឹងត្រូវចាប់ផ្តើមពីខែតុលាទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្នុងការប្រកាសអំពីការដាក់ពន្ធគយជុំថ្មី ដោយប្រធានាធិបតី លោក ត្រាំ កាលពីថ្ងៃទី២៥ ខែកញ្ញា សហរដ្ឋអាមេរិក នឹងប្រមូលពន្ធនាំចូល ១០០% លើឱសថមានម៉ាកយីហោ ហើយ ២៥% លើឡានដឹកទំនិញធុនធ្ងន់ និង ៥០% លើទូក្នុងផ្ទះបាយ។ ដោយឡែក ទូក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិមផ្សេងទៀត នឹងត្រូវបង់ពន្ធចន្លោះពី ៥០% ទៅ ៣០%។ ពន្ធគយទាំងនេះ នឹងត្រូវចូលជាធរមាន ចាប់ពីថ្ងៃទី១ ខែតុលា តទៅ។
យ៉ាងណាក៏ដោយ លោក ត្រាំ បាននិយាយថា ពន្ធលើលើឱសថទូទៅនឹងត្រូវបានលើកលែង ប្រសិនបើក្រុមហ៊ុនទាំងនោះ ផ្លាស់មកសាងសង់រោងចក្រផលិតនៅសហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានពន្យល់ផងដែរថាពន្ធលើឡានដឹកទំនិញធុនធ្ងន់គឺមានបំណងការពារក្រុមហ៊ុនផលិតក្នុងស្រុកពីការប្រកួតប្រជែងមិនយុត្តិធម៌ពីបរទេស។
ទន្ទឹមនឹងនេះ ពន្ធថ្មីលើទូផ្ទះបាយ ទូបន្ទប់ទឹក និងគ្រឿងសង្ហារិមមួយចំនួន ត្រូវបានធ្វើឡើង ដើម្បីការពារពីការនាំចូលដ៏ច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតក្នុងស្រុក។ លោក ត្រាំ ថែមទាំងបានសរសេរនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនថា ផលិតផលទាំងនេះកំពុងជន់លិចចូលសហរដ្ឋអាមេរិក ពីប្រទេសផ្សេងៗ៕

