ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចតាមកិច្ចសន្យាធំជាងគេបំផុតរបស់ពិភពលោក បានបង្ហាញឲ្យដឹងថា ខ្លួនគ្រោងនឹងវិនិយោគទឹកប្រាក់ចន្លោះ ២ពាន់លានដុល្លារ ទៅ ៣ពាន់លានដុល្លារ ក្នុងមួយឆ្នាំលើបច្ចេកវិទ្យា AI។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

បើតាមលោក Young Liu ប្រធានក្រុមហ៊ុន Foxconn បាននិយាយផងដែរថា លោករំពឹងថាការវិនិយោគលើបច្ចេកវិទ្យា AI នឹងកាន់តែផ្ទុះឡើង ខណៈពេលដែលទីផ្សារយានយន្តអគ្គិសនីរបស់ចិន អាចប្រឈមមុខទៅនឹងហានិភ័យធ្ងន់ធរ នៅពេលដែលការប្រកួតប្រជែងកាន់តែខ្លាំងឡើង។
យ៉ាងណាមិញ ដោយនិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូកាលពីដើមខែនេះ លោក Liu បានបង្ហើបថា សម្រាប់ពេលនេះ AI នឹងក្លាយជាការវិនិយោគដ៏ពេញនិយមបំផុត។ លោកបន្ថែមទៀតថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ AI និងការអភិវឌ្ឍបច្ចេកវិទ្យា ក្នុងរយៈពេលបី ទៅប្រាំឆ្នាំខាងមុខ របស់ Foxconn នោះវានឹងមានន័យថា ចំនួននេះអាចស្មើជាងពាក់កណ្តាលនៃការចំណាយសរុបប្រចាំឆ្នាំប្រហែល ៥ពាន់លានដុល្លារ របស់ក្រុមហ៊ុន។
ជម្រាបជូនផងដែរថា ក្រៅតែពីនេះ ក្រុមហ៊ុន Foxconn ក៏កំពុងពិភាក្សាជាមួយរដ្ឋាភិបាលជប៉ុន អំពីការវិនិយោគដ៏មានសក្តានុពលលើបញ្ញាសិប្បនិម្មិត និងរថយន្តអគ្គិសនីផងដែរ៕

