ឥណ្ឌា និងចិន បន្តជើងហោះហើរត្រង់ជាមួយគ្នាឡើងវិញ ក្រោយផ្អាកអស់ ៥ឆ្នាំ

អន្តរជាតិ

ប្រទេសឥណ្ឌា និងមហាយក្សចិន នឹងបន្តជើងហោះហើរត្រង់រវាងប្រទេសទាំងពីរឡើងវិញ នៅចុងខែតុលានេះ បន្ទាប់ពីបានផ្អាកអស់រយៈពេល ៥ឆ្នាំ ដោយសារតែបញ្ហាកូវីដ-១៩ និងទំនាស់ព្រំដែន នាពេលកន្លងមក។ នេះបើតាមការចុះផ្សាយពីសាព័ត៌មាន China Daily ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន បានរាយការណ៍ឲ្យដឹងទៀតថា ក្រសួងការបរទេសឥណ្ឌា បានប្រកាសកាលពីថ្ងៃទី២ ខែតុលាថា ប្រទេសទាំងពីរបានយល់ព្រមបន្តជើងហោះហើរត្រង់ ដោយតភ្ជាប់ទីតាំងជាច្រើននៅក្នុងប្រទេសឥណ្ឌា ទៅកាន់ប្រទេសចិន នៅចុងខែនេះ។ នៅក្នុងនោះដែរ ប្រតិបត្តិការជើងហោះហើរនឹងត្រូវសម្រេចដោយក្រុមហ៊ុនអាកាសចរណ៍ដែលបានកំណត់នៃប្រទេសទាំងពីរ ហើយត្រូវតែបំពេញតាមតម្រូវការប្រតិបត្តិការយ៉ាងពេញលេញ។

ទន្ទឹមនឹងនេះ បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង បាននិយាយទៀតថា​៖”​ កិច្ចព្រមព្រៀងនេះ នឹងជួយសម្រួលដល់ការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន សម្រាប់ឥណ្ឌា និងចិន ដែលអាចរួមចំណែកដល់ការធ្វើឲ្យមានភាពប្រក្រតីឡើងវិញបន្តិចម្តងៗ នៃទំនាក់ទំនងទ្វេភាគី”។

ជាមួយដំណឹងដ៏ល្អនេះ ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ឥណ្ឌា Indigo បាននិយាយថា ខ្លួននឹងបន្តជើងហោះហើរត្រង់ប្រចាំថ្ងៃរវាងទីក្រុង Kolkata និង Guangzhou ចាប់ពីថ្ងៃទី២៦ ខែតុលា បន្ទាប់មកពង្រីកប្រតិបត្តិការទៅកាន់រដ្ឋធានី New Delhi បន្ថែមទៀត។

ជម្រាបជូនផងដែរថា ការហោះហើរត្រង់រវាងប្រទេសទាំងពីរត្រូវបានផ្អាក ដោយសារជំងឺរាតត្បាត Covid-19 កាន់តែខ្លាំងក្នុងឆ្នាំ២០២០ ហើយមិនបានបន្តឡើងវិញទេ​ចាប់តាំងពីភាពតានតឹងនៅតាមព្រំដែនបានកើនឡើងរវាងទីក្រុងប៉េកាំង និងទីក្រុងញូវដេលី។ ការប៉ះទង្គិចគ្នានៅតាមព្រំដែនដែលមានជម្លោះនៅឆ្នាំនោះបានធ្វើឱ្យទាហានចិន ៤ នាក់ និងទាហានឥណ្ឌា ២០ នាក់ បាត់បង់ជីវិត ដែលជាអំពើហិង្សាដ៏អាក្រក់បំផុតរវាងប្រទេសទាំងពីរក្នុងរយៈពេលជាច្រើនទសវត្សកន្លងមក៕​