សេដ្ឋកិច្ចបារាំង ប្រឈមធ្លាក់ក្នុងវិបត្តិកាន់តែជ្រៅ ក្រោយនាយករដ្ឋមន្ត្រីម្នាក់ទៀតលាលែងពីតំណែង

អន្តរជាតិ

ទីផ្សារភាគហ៊ុនរបស់ប្រទេសបារាំង បានធ្លាក់ចុះយ៉ាងខ្លាំង កាលពីថ្ងៃចន្ទ ស្របពេលប្រាក់អឺរ៉ូធ្លាក់ថ្លៃ ហើយអ្នកវិនិយោគបានជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការលើប្រាក់កម្ចីរបស់ប្រទេស បន្ទាប់ពីនាយករដ្ឋមន្ត្រី លោក Sebastien Lecornu បានចុះចេញពីតំណែង បន្ទាប់ពីកាន់តំណែងតិចជាងមួយខែ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The New York Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលាលែងចេញពីតំណែងដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក Lecornu ដែលជានាយករដ្ឋមន្ត្រីទីបីរបស់បារាំង ដែលបានចុះចេញពីតំណែងក្នុងរយៈពេលតិចជាងមួយឆ្នាំនោះ បានបង្កឲ្យមានភាពភ័យខ្លាចកាន់តែខ្លាំងឡើងថា ប្រទេសបារាំង កាន់តែមិនអាចគ្រប់គ្រងបាន និងមិនអាចដោះស្រាយវិបត្តិហិរញ្ញវត្ថុដែលកំពុងកើនឡើងមាន។

គួរឲ្យដឹងថា សន្ទស្សន៍ភាគហ៊ុនគោល CAC 40 នៅទីក្រុងប៉ារីស បានធ្លាក់ចុះអស់ ២% ខណៈទំហំបំណុលរបស់បារាំង បានកើនឡើងយ៉ាងខ្លាំង ដែលធ្វើឲ្យមានក្រុមវិនិយោគិននៅបារាំង កំពុងមានក្តីបារម្ភពីហានិភ័យដែលអាចឈានឡើងដល់កម្រិតខ្ពស់បំផុត។ ចំណែកឯប្រាក់អឺរ៉ូវិញ បានធ្លាក់ចុះថ្លៃអស់ ០,៦% បើធៀបទៅនឹងប្រាក់ដុល្លារអាមេរិក។

យ៉ាងណាមិញ បើតាមលោក Salomon Fiedler អ្នកវិភាគនៅធនាគារ Berenberg បានសរសេរនៅក្នុងកំណត់ត្រាមួយទៅកាន់អតិថិជនរបស់ខ្លួនថា ៖”បញ្ហានេះបានបង្កើនហានិភ័យបន្ថែមទៀត​ស្របពេលបញ្ហាសារពើពន្ធរបស់ប្រទេសបារាំងនឹងនៅតែមិនត្រូវបានដោះស្រាយបាន ហើយគោលនយោបាយសេដ្ឋកិច្ច នឹងក្លាយទៅជារាំងស្ទះសម្រាប់កំណើននាពេលខាងមុខ”។

ជម្រាបជូនផងដែរថា ប្រទេសបារាំងបានស្ថិតក្នុងភាពមិនប្រាកដប្រជាផ្នែកសារពើពន្ធ និងនយោបាយ ចាប់តាំងពីប្រធានាធិបតី លោក Macron បានកោះហៅឲ្យមានការបោះឆ្នោតសភានៅពាក់កណ្តាលឆ្នាំ២០២៤ ដែលត្រូវបានចាត់ទុកថាជាល្បែងនយោបាយដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ក្នុងគោលបំណងទប់ស្កាត់ការកើនឡើងឥទ្ធិពលនៃគណបក្សស្តាំនិយមជ្រុល៕​