យ៉ាងហោចណាស់មានមនុស្ស ២៧ នាក់ ត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិត និងរាប់សិបនាក់ទៀតបានរងរបួសនៅក្នុងហេតុការណ៍អគ្គីភ័យនៅផាប់មួយកន្លែងនៅក្នុងប្រទេសថៃ ដោយមនុស្សជាច្រើនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

អគ្គីភ័យដ៏គួរឲ្យរន្ធត់មួយបានឆាបឆេះនៅផាប់កម្សាន្តមួយកន្លែងឈ្មោះ Na Ladprao ភាគខាងជើងទីក្រុងបាងកក ប្រទេសថៃ នៅម៉ោងប្រហែល ០០:០២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកក្កដា ខណៈពេលដែលមនុស្សជាច្រើននៅជាប់ខាងក្នុង។ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃបាននិយាយថា អ្នកពន្លត់អគ្គីភ័យបានព្យាយាមពន្លត់អគ្គីភ័យ និងគ្រប់គ្រងបានទាំងស្រុង បន្ទាប់ពីឆេះបានប្រហែលកន្លះម៉ោង។
នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បាននិយាយថា មនុស្ស ២៧ នាក់បានស្លាប់នៅក្នុងហេតុការណ៍នេះ ខណៈជនរងគ្រោះជាច្រើនផ្សេងទៀតត្រូវបានរកឃើញនៅក្នុងបន្ទប់ទឹកនៅខាងក្រោយផាប់ ហើយអ្នករងរបួសជាច្រើននាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ មូលហេតុនៃហេតុការណ៍នេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។
ទន្ទឹមនឹងនេះ អភិបាលក្រុងបាងកក លោក Chadchart Sittipun បានបន្ថែមថា មនុស្ស ៦៣ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដែលក្នុងនោះ ២២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អាជ្ញាធរកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយសារមនុស្សជាច្រើនមិនមានឯកសារ ឬកំពុងសន្លប់។
ជម្រាបជូនថា ប្រទេសថៃក៏ធ្លាប់បានឃើញសោកនាដកម្មស្រដៀងគ្នានេះជាច្រើនលើកមកហើយ រួមទាំងអគ្គីភ័យនៅបារមួយកន្លែងនៅភាគខាងកើតនៃប្រទេស ដែលបានសម្លាប់មនុស្ស ១៤ នាក់ក្នុងឆ្នាំ២០២២៕

