ប្រធានាធិបតីប្រេស៊ីល ទទូចសុំឲ្យលោក ត្រាំ ដកពន្ធគយ ៤០% ពីទំនិញប្រទេសខ្លួន

អន្តរជាតិ

ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានស្នើឲ្យប្រធានធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដក់ពន្ធគយ ៤០% លើទំនិញរបស់ប្រេស៊ីល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញសំណើនេះ​ ត្រូវបានធ្វើឡើង ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទរយៈពេល ៣០នាទី រវាងមេដឹកនាំនៃប្រទេសទាំងពីរ កាលពីថ្ងៃទី៦ ខែតុលាកន្លងទៅ។ ការិយាល័យប្រធានាធិបតីប្រេស៊ីល បាននិយាយថាលោក Lula និងលោក ត្រាំ បានសម្តែងការចាប់អារម្មណ៍ជាវិជ្ជមានចំពោះកិច្ចប្រជុំនាពេលកន្លងមករវាងអ្នកទាំងពីរ នៅឯអង្គការសហប្រជាជាតិកាលពីខែមុន។

ទន្ទឹមនឹងនេះ លោកប្រធានាធិបតីប្រេស៊ីល បានស្នើឱ្យប្រធានាធិបតី ត្រាំ ដកពន្ធ ៤០% លើទំនិញប្រេស៊ីល។ លោកក៏បានរំលឹកឡើងវិញថា ពួកគេគឺជាប្រទេសមួយក្នុងចំណោមប្រទេស G20 ចំនួនបី ដែលសហរដ្ឋអាមេរិក មានអតិរេកពាណិជ្ជកម្មខ្ពស់។

ជម្រាបជូនផងដែរថា ប្រេស៊ីលដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់អាមេរិកឡាទីន បច្ចុប្បន្នកំពុងទទួលរងនូវពន្ធគយសរុប ៥០% លើកនាំចេញរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក រួមទាំងពន្ធ ៤០% បន្ថែម​ដែលប្រកាសដោយលោក ត្រាំ កាលពីថ្ងៃទី៩ ខែកក្កដា។

ជុំវិញបញ្ហានេះ លោក ត្រាំ បាននិយាយថា ភាគីទាំងពីរ នឹងបន្តការពិភាក្សា និងជួបគ្នាម្តងទៀតនាពេលខាងមុខ នៅក្នុងប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិក។ លោកក៏បានចាត់ឲ្យរដ្ឋមន្ត្រីការបរទេសលោក Marco Rubio បន្តការចរចារពន្ធជាមួយអនុប្រធានាធិបតីប្រេស៊ីល Geraldo Alckmin ផងដែរ ស្របពេលប្រធានាធិបតីប្រេស៊ីល លោក Lula បានបង្ហាញឆន្ទៈក្នុងការធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបដោយផ្ទាល់ជាមួយលោក ត្រាំ៕​