អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានឲ្យដឹងកាលពីថ្ងៃទី៩ ខែតុលាថា លោកបានចូលរួមជាមួយក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិក Microsoft និងក្រុមហ៊ុន AI ទើបបង្កើតថ្មី Anthropic ក្នុងនាមជាទីប្រឹក្សាជាន់ខ្ពស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

លោក Sunak ដែលបានលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សអភិរក្ស ដែលជាបក្សប្រឆាំងដ៏ធំរបស់រដ្ឋាភិបាល បន្ទាប់ពីការបរាជ័យក្នុងការបោះឆ្នោតសកល កាលពីខែកក្កដាកន្លងមកនោះ នៅតែបន្តធ្វើជាសមាជិកសភាអង់គ្លេស ដដែល។
នៅក្នុងការបង្ហោះសារមួយនៅលើបណ្តាញសង្គម LinkedIn លោក Sunak បានបង្ហើបឲ្យដឹងថា ក្រៅតែមានតួនាទីនៅក្នុងជួរដ្ឋាភិបាលអង់គ្លេស លោកក៏កំពុងកាន់តំណែងធំ នៅក្នុងក្រុមហ៊ុនឯកជន Microsoft និង Anthropic ផងដែរ ហើយប្រាក់ចំណូលបានពីតួនាទីនេះ នឹងត្រូវយកបរិច្ចាគទាំងស្រុងទៅកាន់គម្រោង The Richmond ដែលជាអង្គការសប្បុរសធម៌ដែលលោកបានចាប់ផ្តើមបង្កើតឡើងជាមួយប្រពន្ធរបស់លោក គឺលោកស្រី Akshata Murty ។
យ៉ាងណាមិញ បើតាមក្រុមហ៊ុន Amazon និងក្រុមហ៊ុន AI Anthropic ដែលគាំទ្រដោយ Google បាននិយាយថា តួនាទីជាទីប្រឹក្សាជាន់ខ្ពស់ គឺជាការងារក្រៅម៉ោងរបស់លោក Sunak ដោយត្រូវបំពេញតាមលក្ខខណ្ឌរបស់គណៈកម្មាធិការប្រឹក្សាស្តីពីការណាត់ជួបអាជីវកម្ម ឬ ACOBA ។
ជម្រាបជូនផងដែរថា ក្នុងតួនាទីនេះ លោក Sunak នឹងផ្តល់ដំបូន្មានទាំង Microsoft និង Anthropic អំពីយុទ្ធសាស្រ្ត ម៉ាក្រូសេដ្ឋកិច្ច និងនិន្ននាការភូមិសាស្រ្តនយោបាយ ជាដើម៕

