លោក ត្រាំ ប្រកាសដាក់ពន្ធ ១០០% បន្ថែមទៅលើទំនិញរបស់ប្រទេសចិន

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីពេលថ្មីៗនេះថា លោកនឹងដាក់ពន្ធ ១០០% បន្ថែមលើទំនិញរបស់ប្រទេសចិន ដែលជាវិធានការថ្មីចុងក្រោយមួយ ដើម្បីឆ្លើយតបទៅនឹងទីក្រុងប៉េកាំង ជុំវិញការរឹតបន្តឹងលើការនាំចេញរ៉ែកម្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានប្រកាសកាលពីថ្ងៃទី១០ ខែតុលាថា លោកនឹងដាក់ពន្ធបន្ថែម ១០០% លើទំនិញរបស់ចិន និងដាក់ការត្រួតពិនិត្យលើការនាំចេញចំពោះកម្មវិធីសំខាន់ៗទាំងអស់ដែលផលិតដោយសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឬអាចមុននេះ ដើម្បីជាការឆ្លើយតបទៅនឹង “វិធានការដ៏ខ្លាំងក្លា” របស់ទីក្រុងប៉េកាំង។

ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក ក៏បានគំរាមលុបចោលកិច្ចប្រជុំជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅចុងខែនេះ ផងដែរ។

លោក ត្រាំ បាននិយាយទៀតថា ៖”ខ្ញុំមានគម្រោងថានឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី នៅ APEC ក្នុងប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ប៉ុន្តែឥឡូវនេះហាក់ដូចជាមិនមានហេតុផលណាមួយ ដើម្បីធ្វើដូច្នេះទេ” ។

ជម្រាបជូនថា ជុំវិញការប្រកាសដាក់ពន្ធថ្មីនេះ ត្រូវបានធ្វើឡើង នៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសចិនបានផ្ញើលិខិតទៅកាន់ប្រទេសនានាអំពីវិធានការថ្មីដើម្បីរឹតបន្តឹងទៅលើការនាំចេញធនធានរ៉ែកម្ររបស់ខ្លួន។

រ៉ែកម្រត្រូវបានចាត់ទុកថាមានសារៈសំខាន់ចំពោះឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ ចាប់ពីស្មាតហ្វូន យានយន្តអគ្គិសនី ឧបករណ៍យោធា រហូតដល់បច្ចេកវិទ្យាថាមពលកកើតឡើងវិញ។ បច្ចុប្បន្ន ប្រទេសចិនកាន់កាប់ប្រហែល ​៧០% នៃការផ្គត់ផ្គង់ធនធានរ៉ែកម្ររបស់ពិភពលោក៕​