សហភាពអឺរ៉ុប កាលពីពេលថ្មីៗនេះ បានស្នើឲ្យមានការប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កកនៅក្នុងប្រទេសបែលហ្ស៊ិក ដើម្បីបង្កើតជាសាច់ប្រាក់កម្ចីចំនួន ១៦៣ពាន់លានដុល្លារ យកទៅទិញអាវុធយោធាឲ្យអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងប្រើប្រាស់ទ្រព្យសកម្មរបស់រុស្ស៊ីដែលបានបង្កកនៅក្នុងប្រទេសបែលហ្ស៊ិក ដើម្បីផ្តល់ជាប្រាក់កម្ចីសំណងដល់អ៊ុយក្រែនចំនូួន ១៤០ពាន់លានអឺរ៉ូ។ ប៉ុន្តែកម្ចីនេះ អ៊ុយក្រែននឹងត្រូវសងត្រលប់មកវិញ បន្ទាប់ពីរុស្ស៊ីព្រមទូទាត់សងសម្រាប់ការខាតបង់ដោយសារសង្គ្រាម។
យ៉ាងណាមិញ ជុំវិញប្រាក់កម្ចីទាំងនេះ ភាគច្រើននឹងត្រូវយកទៅទិញសព្វាវុធ និងគាំទ្រឧស្សាហកម្មការពារជាតិអឺរ៉ុប និងអ៊ុយក្រែន។
គួរឲ្យដឹងថា បន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើងនៅចុងខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើប្រទេសរុស្ស៊ី ដោយបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្ស៊ី និងមហាសេដ្ឋីរុស្ស៊ីប្រហែល ៣០០ពាន់លានអឺរ៉ូ (ឬប្រមាណជាង ៣២០ពាន់លានដុល្លារ) ។
ទ្រព្យសកម្មរុស្ស៊ីដែលត្រូវបានបង្កកមានប្រហែល ២៤៥ពាន់លានដុល្លារស្ថិតនៅក្នុងសហភាពអឺរ៉ុបដែលក្នុងនោះមានជិត ២១៥ពាន់លានដុល្លារត្រូវបានគ្រប់គ្រងដោយ Euroclear ដែលជាកន្លែងដាក់ប្រាក់ដែលមានមូលដ្ឋាននៅប្រទេសបែលហ្ស៊ិក៕

