សហរដ្ឋអាមេរិក គ្រោងនឹងកាត់បន្ថយពន្ធគយនាំចូលសម្រាប់ឥណ្ឌា មកនៅត្រឹម ១៥%

អន្តរជាតិ

យោងតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានរាយការណ៍មកថាសហរដ្ឋអាមេរិក អាចកាត់បន្ថយពន្ធនាំចូលសម្រាប់ប្រទេសរបស់ខ្លួន មកនៅត្រឹម ១៥-១៦% ពីកម្រិត ៥០% នាពេលបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី២២ ខែតុលា សារព័ត៌មាន Mint របស់ឥណ្ឌា បានដកស្រង់ចេញពីប្រភពជិតស្និទ្ធមួយដែលបាននិយាយថា សហរដ្ឋអាមេរិក និងឥណ្ឌា កាន់តែខិតជិតក្នុងការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយ។ ក្នុងនោះដែរទីក្រុងញូវដេលី​នឹងកាត់បន្ថយការទិញប្រេងពីរុស្ស៊ី ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោន អាចនឹងទម្លាក់ពន្ធនាំចូលលើទំនិញរបស់ឥណ្ឌា ពី ៥០% មកនៅត្រឹម ១៥-១៦% វិញ។

មិនតែប៉ុណ្ណោះ ឥណ្ឌាក៏កំពុងពិចារណាបង្កើនកូតានាំចូលពោតពីអាមេរិកបន្ថែមទៀត ដែលបច្ចុប្បន្នមានចំនួន ០,៥ លានតោនក្នុងមួយឆ្នាំ។ ក្រៅពីនេះ ឥណ្ឌា ក៏កំពុងជំរុញឱ្យមានយន្តការមួយដែលអនុញ្ញាតឱ្យភាគីទាំងពីរពិនិត្យមើលឡើងវិញជាទៀងទាត់នូវពន្ធនាំចូល និងការទទួលបានទីផ្សាររវាងគ្នាទៅវិញទៅមក។

ជម្រាបជូនថា កាលពីថ្ងៃទី២១ ខែតុលា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានទទួលការប្តេជ្ញាចិត្តពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដោយទីក្រុងញូវដេលី​នឹងកាត់បន្ថយការទិញប្រេងពីរុស្ស៊ី ដើម្បីទទួលបានការទម្លាក់ពន្ធពីអាមេរិក៕​