លោក ត្រាំ ប្រកាសលើកលែងទោសដល់មហាសេដ្ឋីស្ថាបនិកក្រុមហ៊ុនគ្រីបតូ Binance

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចលើកលែងទោសដល់លោក Changpeng Zhao ឬស្គាល់ថា CZ ដែលជាស្ថាបនិកក្រុមហ៊ុនប្តូររូបិយប័ណ្ណគ្រីបតូធំបំផុតរបស់ពិភពលោក Binance ក្នុងគោលបំណងដ៏សំខាន់មួយ ដើម្បីជំរុញឧស្សាហកម្មគ្រីបតីរបស់អាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីប្រកាសមួយរបស់សេតវិមាន បានហៅការចោទប្រកាន់ទៅលើលោក CZ នេះថា ជាសង្គ្រាមប្រឆាំងទៅនឹងវិស័យគ្រីបតូ ក្នុងអំឡុងរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក ចូ បៃដិន។

គួរឲ្យដឹងថា លោក CZ ដែលជាឥស្សរជនម្នាក់ក្នុងចំណោមឥស្សរជនដែលមានឥទ្ធិពលបំផុតនៅក្នុងវិស័យរូបិយប័ណ្ណគ្រីបតូ បានលាលែងពីតំណែងជានាយកប្រតិបត្តិរបស់ Binance ក្នុងឆ្នាំ២០២៣ បន្ទាប់ពីក្រុមហ៊ុនបានសារភាពថាខ្លួនមានទោសពីបទបរាជ័យក្នុងការរក្សាកម្មវិធីរបស់ខ្លួន ប្រឆាំងការលាងលុយកខ្វក់ ហើយតម្រូវឲ្យបង់ប្រាក់ពិន័យប្រមាណ ៤,៣ពាន់លានដុល្លារ។

ជាមួយគ្នានោះ លោក CZ ផ្ទាល់ក៏បានបង់ប្រាក់ពិន័យចំនួន ៥០លានដុល្លារផងដែរ និងបានជាប់ពន្ធនាគារជិតបួនខែ កាលពីឆ្នាំមុន បន្ទាប់ពីសារភាពថាខ្លួនមានទោស។ ទោះជាយ៉ាងណាក៏ដោយ លោកនៅតែកាន់កាប់ភាគហ៊ុនធំនៅក្នុង Binance ដដែល។

ជម្រាបជូនថា ជុមវិញការលើកលែងទោសពេញលេញ និងគ្មានលក្ខខណ្ឌនេះ​អាចបើកផ្លូវឱ្យមហាសេដ្ឋីគ្រីបតូរូបនេះ វិលត្រឡប់ទៅរកអាជីវកម្មដែលលោកបានសហបង្កើតឡើងក្នុងឆ្នាំ២០១៧ វិញ។ ហើយវាក៏អាចផ្តល់ឱកាសឱ្យ Binance ពង្រីកខ្លួននៅសហរដ្ឋអាមេរិកផងដែរ ខណៈពេលដែលឧស្សាហកម្មនេះកំពុងមានភាពរីកចម្រើនខ្លាំង ក្រោមរដ្ឋបាលរបស់លោក ត្រាំ៕