អាមេរិក ថាចិននឹងទិញសណ្តែងសៀងរបស់ខ្លួនឡើងវិញ​ ដើម្បីចៀសវាងការដាក់ពន្ធ ១០០%

អន្តរជាតិ

យោងតាមរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយថា ប្រទេសចិននឹងចាប់ផ្តើមទិញសណ្តែងសៀងរបស់អាមេរិកឡើងវិញ ដើម្បីជាផ្នែកមួយនៃការឯកភាពគ្នាជាបឋម នៅក្នុងការចរចាជុំចុងក្រោយរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញព័ត៌មាននេះ ត្រូវបានលើកឡើងដោយលោក Bessent ក្នុងអំឡុងកម្មវិធីទូរទស្សន៍មួយ កាលពីថ្ងៃទី២៦ ខែតុលា បន្ទាប់ពីការចរចាជុំចុងក្រោយ ជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក He Lap Phong និងមន្ត្រីផ្សេងទៀត នៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

បើតាមរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិករូបនេះ បានបង្ហាញឲ្យដឹងទៀតថា នេះគឺជាផ្នែកមួយនៃក្របខ័ណ្ឌដ៏សំខាន់ ដែលប្រទេសទាំងពីរទើបតែសម្រេចបាន ដើម្បីចៀសវាងការដាក់ពន្ធ ១០០% លើទំនិញរបស់ចិន និងពន្យារពេលការអនុវត្តវិធានការគ្រប់គ្រងការនាំចេញរ៉ែកម្ររបស់ចិន ផងដែរ។

យោងតាមលោក Bessentបាននិយាយទៀតថា ក្របខ័ណ្ឌនេះនឹងត្រូវបានពិភាក្សាដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ីជិនពីង នៅសប្តាហ៍នេះ។ របៀបវារៈនេះត្រូវបានគេរំពឹងថានឹងរួមបញ្ចូលការលើកកម្ពស់ពាណិជ្ជកម្មដែលមានតុល្យភាពកាន់តែច្រើនរវាងសេដ្ឋកិច្ចទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងវិបត្តិគ្រឿងញៀន fentanylផងដែរ៕​