ការនាំចេញរបស់ចិន ធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជិត ២ឆ្នាំចុងក្រោយ

អន្តរជាតិ

ការនាំចេញទំនិញរបស់ប្រទេសចិន បានធ្លាក់ចុះដោយមិននឹកស្មានដល់ជាលើកដំបូង នៅក្នុងខែតុលា ដោយសារតែការថយចុះនៃការលក់ ជុំវិញបញ្ហាពន្ធគយខ្ពស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមគយរបស់ចិន បានបង្ហាញឲ្យដឹងទៀតថា ការនាំចេញរបស់ខ្លួន បានធ្លាក់ចុះអស់ ១,១% នៅក្នុងខែតុលា បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះលើកដំបូងមិនធ្លាប់មាន គិតចាប់តាំងពីខែមីនា ឆ្នាំ២០២៤ មក។

យ៉ាងណាមិញ បើតាមសម្តីរបស់លោក Zhiwei Zhang ប្រធានសេដ្ឋវិទូនៅ Pinpoint Asset Management បាននិយាយថា ជុំវិញមូលហេតុដែលធ្វើឲ្យការនាំចេញរបស់ចិនធ្លាក់ចុះបែបនេះ គឺដោយសារតែឥទ្ធិពលនៃរលកនៃការនាំចេញដំបូងៗ ដើម្បីចៀសវាងពន្ធគយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក បានព្យាករថាស្ថានភាពអាចនឹងវិលត្រលប់មកធម្មតាវិញ ខណៈពេលដែលចិន និងសហរដ្ឋអាមេរិក បានព្រមព្រៀងពន្យារពេលរឹតបន្តឹងពាណិជ្ជកម្មរវាងគ្នា រយៈពេលមួយឆ្នាំ។

លើសពីនេះ ហេតុផលមួយទៀតសម្រាប់ការធ្លាក់ចុះនៃការនាំចេញពីប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក គឺដោយដសារតែមូលដ្ឋានខ្ពស់ពីឆ្នាំមុន។ នៅក្នុងខែតុលា ឆ្នាំ២០២៤ គឺជាខែដែលការនាំចេញរបស់ប្រទេសចិន បានកើនឡើងខ្ពស់បំផុតក្នុងរយៈពេលជាងពីរឆ្នាំចុងក្រោយ។

ជម្រាបជូនផងដែរថា ស្ថានភាពពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ហាក់មានភាពធូរស្រាលច្រើនវិញហើយ បន្ទាប់ពីប្រធានាធិបតី​ លោក ដូណាល់ ត្រាំ និងប្រធានាធិបតី ស៊ី ជីនពីង បានជួបគ្នានៅប្រទេសកូរ៉េខាងត្បូង កាលពីពេលថ្មីៗកន្លងទៅនេះ។ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើបញ្ហាជាច្រើន រាប់ចាប់ពីការកាត់បន្ថយពន្ធគយ រហូតដល់ការកើនឡើងនៃការទិញផលិតផលកសិកម្ម និងការបន្ធូរបន្ថយការគ្រប់គ្រងការនាំចេញ ផងដែរ៕