ស្ថាបនិកក្រុមហ៊ុនសម្លៀកបំពាក់ខ្នាតយក្ស Shein របូតលុយអស់ ១៥ពាន់លានដុល្លារ ក្នុងពេលត្រឹម ៤ឆ្នាំ

អន្តរជាតិ

លោក Sky Xu ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនសម្លៀកបំពាក់ដ៏ធំបំផុតមួយរបស់ពិភពលោក Shein បានឃើញទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកធ្លាក់ចុះអស់ជាង ១៥ពាន់លានដុល្លារ ក្នុងរយៈពេល ៤ឆ្នាំមកនេះ នៅពេលដែលក្រុមហ៊ុននេះបានបើកលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) នៅទីផ្សារហ៊ុនរបស់ទីក្រុងហុងកុង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Shein Global Holdings ដែលបង្កើតឡើងដំបូងនៅប្រទេសចិន ធ្លាប់ត្រូវបានគេវាយតម្លៃរហូតដល់ជិត ១០០ពាន់លានដុល្លារ ដែលខ្ពស់ជាងក្រុមហ៊ុនមេរបស់ H&M និង Zara បូកបញ្ចូលគ្នាទៅទៀត។ យ៉ាណាមិញ នៅចំណុចខ្ពស់បំផុតក្នុងឆ្នាំ២០២២ ការវាយតម្លៃនេះបានរុញច្រានទ្រព្យសម្បត្តិសរុបរបស់ស្ថាបនិកក្រុមហ៊ុន លោក Xu ឲ្យកើនឡើងលើសពី ២៣ពាន់លានដុល្លារ។

ប៉ុន្តែទោះជាយ៉ាងណា ទ្រព្យសម្បត្តិរបស់លោក Xu បានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីពេលនោះមក ដោយសារក្រុមហ៊ុន Shein ប្រឈមមុខនឹងបញ្ហាពន្ធគយខ្ពស់ជាងមុន ការត្រួតពិនិត្យផ្នែកផ្លូវច្បាប់ និងនយោបាយកាន់តែតឹងរ៉ឹង ព្រមទាំងការប្រកួតប្រជែងកាន់តែខ្លាំងផងដែរ។

យ៉ាងណាមិញ យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថាក្រុមហ៊ុន Shein បានចូលលក់ភាគហ៊ុនជាសាធារណៈ នៅហុងកុងកាលពីថ្ងៃទី១ ខែកញ្ញា ក្នុងតម្លៃត្រឹមតែជាងមួយភាគបួន នៃតម្លៃកំពូលកាលពីឆ្នាំ២០២២ ប៉ុណ្ណោះ។

លោក Xu វ័យ ៤៣ឆ្នាំ បច្ចុប្បន្នកាន់កាប់ភាគហ៊ុនប្រហែល ៣០% នៃក្រុមហ៊ុន ដែលធ្វើឱ្យទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកមានប្រហែល ៨ពាន់លានដុល្លារ ផ្អែកលើតម្លៃភាគហ៊ុនក្នុងការបោះផ្សាយលក់ IPO ថ្មីៗនេះ។

ជម្រាបជូនផងដែរថា ជុំវិញការធ្លាក់ចុះទ្រព្យសម្បត្តិអស់ជាង ១៥ពាន់លានដុល្លារនេះ ក៏បានឆ្លុះបញ្ចាំងពីពេលវេលាមិនអំណោយផលសម្រាប់ការចុះបញ្ជីលក់ភាគហ៊ុនរបស់ Shein នាពេលថ្មីៗនេះ ផងដែរ៕​